Covid-19

វៀតណាម ប្រកាសបញ្ជាទិញថ្នាំ ប្រឆាំងនឹងមេរោគកូវីដ១៩ ពីប្រទេសរុស្ស៊ី និងកំពុងផលិតថ្នាំខ្លួនឯងផង

បរទេស៖ ទូរទស្សន៍រដ្ឋ បានរាយការណ៍នៅថ្ងៃសុក្រនេះថា ក្រសួងសុខាភិបាល របស់ប្រទេសវៀតណាម បានចុះឈ្មោះដើម្បីទិញវ៉ាក់សាំង ប្រឆាំងមេរោគកូវីដ១៩ របស់រុស្ស៊ី នៅពេល ដែលប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើង នៃវីរុសថ្មីនេះ បន្ទាប់ពីប៉ុន្មានខែទៀត នៃករណីមិនមានឆ្លងជំងឺក្នុងស្រុក។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រទេសរុស្ស៊ី បាននិយាយកាលពីថ្ងៃពុធថា វ៉ាក់សាំងប្រឆាំងនឹងមេរោគកូវីដ១៩ ដំបូងបង្អស់របស់ពិភពលោក នឹងត្រូវបានដាក់ឱ្យដំណើរការ ក្នុងរយៈពេលពីរសប្តាហ៍ ហើយរុស្ស៊ី ក៏បានច្រានចោលព័ត៌មាន ដែលគ្មានមូលដ្ឋានដែលថា ការរកឃើញនេះ គឺមិនមានសុវត្ថិភាព ដែលបានដាក់ចេញ ដោយអ្នកជំនាញមួយចំនួន ជុំវិញការអនុម័តយ៉ាងរហ័ស របស់រដ្ឋាភិបាលទីក្រុងម៉ូស្គូចំពោះថ្នាំនេះ។

ដោយដកស្រង់សម្តីក្រសួង ទូរទស្សន៍រដ្ឋវៀតណាម VTV បានផ្សាយថា “ ក្នុងពេលនេះវៀតណាម នឹងនៅតែបន្តអភិវឌ្ឍវ៉ាក់សាំងកូវីដ១៩ ផ្ទាល់ខ្លួនរបស់ប្រទេសដដែល” ។

ក្រសួងសុខាភិបាលវៀតណាម មិនបានបញ្ជាក់ ថាតើវ៉ាក់សាំងរុស្ស៊ីចំនួនប៉ុន្មាន ដែលខ្លួនបានបញ្ជាទិញ ឬនៅពេលណាដែលខ្លួនរំពឹងថា នឹងទទួលបាននោះទេ។ ក្រសួងគ្រាន់តែបានឱ្យដឹង កាលពីខែមុនថា វ៉ាក់សាំង ដែលផលិតនៅក្នុងស្រុក របស់ប្រទេសវៀតណាម នឹងមាននៅចុងឆ្នាំ ២០២១ ៕
ប្រែសម្រួលៈ ណៃ តុលា

To Top