Covid-19

គុយបា កោតសរសើរ រដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រងជំងឺកូវីដ-១៩ ដែលជាគំរូល្អ សម្រាប់សកលលោក យកតម្រាប់តាម

ភ្នំពេញ ៖ លោកស្រី Liurka Rodriguez Barrios ឯកអគ្គរដ្ឋទូតគុយបា ប្រចាំកម្ពុជា បានកោតសរសើរចំពោះ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រង ការរីករាលដាលជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព ហើយជាគំរូល្អសម្រាប់សកលលោក យកតម្រាប់តាម។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក របស់ក្រសួងយុត្តិធម៌។

ក្នុងជំនួបពិភាក្សាការងារជាមួយ លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ លោកស្រី Liurka Rodriguez Barrios បានថ្លែងថា «សូមសម្តែងនូវការកោតសរសើរ ចំពោះភាពឆ្លាតវៃ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រងការរីករាលដាល នៃវីរុសកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព ដែលជាគំរូដ៏ល្អមួយ សម្រាប់សកលលោកយកតម្រាប់តាម»។

ជាងនេះទៅទៀត ទូតគុយបា ប្រចាំកម្ពុជា ក៏បានសម្តែងនូវការគាំទ្រ និងសាទរចំពោះលទ្ធផលជាវិជ្ជមាននៃការអនុវត្តយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូង រាជធានី-ខេត្ត។

ជាកិច្ចឆ្លើយតប លោក កើត រិទ្ធ បានឲ្យដឹងថា នៅក្នុងរយៈពេល១០០ថ្ងៃ នៃការអនុវត្តយុទ្ធនាការ ដោះស្រាយការកកស្ទះសំណុំរឿង នៅតាមសាលាដំបូង រាជធានី-ខេត្ត សំណុំរឿងព្រហ្មទណ្ឌជាង៨,០០០ករណី ត្រូវបានដោះស្រាយ ដែលស្មើនឹង៦៣% នៃសំណុំរឿងកកស្ទះកន្លងមក ហើយការដោះស្រាយ ការកកស្ទះសំណុំរឿង នៅតាមសាលាដំបូងរាជធានីខេត្ត ត្រូវបានរំពឹងថា នឹងចប់សព្វគ្រប់ នៅដំណាច់ឆ្នាំ២០២០នេះ៕

To Top