Covid-19

នាយករដ្ឋមន្ដ្រី ៖ ទោះបីកម្ពុជាគ្មានជំងឺកូវីដ១៩ ប៉ុន្ដែប្រជាពលរដ្ឋ ត្រូវបន្ដថែរក្សាសុខភាពឲ្យបានល្អ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ទោះបីកម្ពុជាគ្មានជំងឺកូវីដ-១៩ ក៏ដោយ ប៉ុន្ដែប្រជាពលរដ្ឋគ្រប់រូប ត្រូវបន្ដចូលរួមថែរក្សាសុខភាព និងអនាម័យឲ្យបានល្អ កុំឲ្យឆ្លងជំងឺកូវីដ១៩ឲ្យសោះ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ បានប្រកាសថា កម្ពុជាព្យាបាលអ្នកជំងឺកូវីដ-១៩ បានជាសះស្បើយអស់ ១០០ភាគរយ។

យោងតាមគេហទំព័រហ្វេសប៊ុក របស់សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី១១ កញ្ញា នេះថា សម្ដេចរីករាយជាមួយ ដំណឹងពីក្រសួងសុខាភិបាល ដែលបានបញ្ជាក់ថា នៅក្នុងដំណាក់កាលទី២ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ដែលមានអ្នកជំងឺ ២៧៤ នាក់ បានព្យាបាលជាសះស្បើយ នេះជាដំណឹងដ៏រីករាយបំផុតសម្រាប់កម្ពុជា ។

សម្ដេចមានប្រសាសន៍ថា«ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ សូមបងប្អូនបន្តចូលរួម ថែរក្សាសុខភាពអនាម័យអោយបានល្អ កុំឲ្យឆ្លងកូវីដ-១៩ឲ្យសោះ»។
ជាងនេះទៅទៀត សម្ដេចតេជោ ហ៊ុន សែន បានណែនាំឲ្យប្រជាពលរដ្ឋ ត្រូវឧស្សាហ៍ដុសលាងសម្អាតដៃ ជាមួយសាប៊ូ ចឹល ទឹកអាល់កុល ហើយពាក់ម៉ាសនៅកន្លែងចាំបាច់ ដូចជា នៅកន្លែងទីប្រជុំជន ដែលមានមនុស្សច្រើនអ៊ូអរ ដូចជាក្នុងពិធីបុណ្យ នៅតាមវត្តអារាមជាដើម។

បន្ថែមពីនេះ សម្ដេចតេជោ ក៏បានជូនពរឲ្យប្រជាពលរដ្ឋ ធ្វើដំណើរសុខសប្បាយតាមផ្លូវ និងបានជួបជុំក្រុមគ្រួសារ ធ្វើបុណ្យទាន ក្នុងរដូវភ្ជុំបិណ្ឌសប្បាយរីករាយទាំងអស់គ្នា នៅទូទាំងប្រទេស៕
ដោយ ៖ អេង ប៊ូឆេង

To Top
×