Covid-19

ទីក្រុង ដាណាង កន្លែងផ្ទុះការចម្លងមេរោគកូវីដ១៩ ក្នុងសហគមន៍ នឹងបើកឆ្នេរសមុទ្រ និងសាលារៀនឡើងវិញ

បរទេស៖ អាជ្ញាធរនៅទីក្រុង Da Nang ប្រទេសវៀតណាម នឹងបើកឆ្នេរសមុទ្ររបស់ខ្លួនឡើងវិញ និងអនុញ្ញាតឱ្យភោជនីយដ្ឋាន អាហារដ្ឋាន បើកដំណើរការចាប់ពីថ្ងៃសុក្រតទៅ។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា គណៈកម្មាធិការដឹកនាំប្រឆាំង និងការពារមេរោគកូវីដ១៩ របស់ទីក្រុង ដាណាង បាននិយាយកាលពីថ្ងៃពុធថា ទីក្រុងដាណាងដែលជាចំណុចក្តៅនៃការផ្ទុះមេរោគកូវីដ១៩ ក្នុងសហគមន៍ នៅប្រទេសវៀតណាម គឺរយៈពេល ១៣ ថ្ងៃមកហើយ គ្មានការឆ្លងថ្មីក្នុងសហគមន៍ឡើយ ខណៈមនុស្សជិត ៧២ ០០០ នាក់ ដែលតំណាង ឱ្យក្រុមគ្រួសារក្នុងមូលដ្ឋាន ត្រូវបានធ្វើតេស្តិ៍អវិជ្ជមានវីរុស។

ទោះយ៉ាងណាក៏ដោយ សេវាកម្ម “មិនចាំបាច់” ដូចជាហាងខារ៉ាអូខេ បារ ក្លឹបរាំ ហាងអ៊ីនធឺណេត និងសេវាកម្មទាក់ទងនឹងកីឡា រួមទាំងកាយវិការ នឹងនៅតែបិទទ្វារដដែល។

អាជ្ញាធរក្រុង ក៏បានគ្រោងនឹងអនុញ្ញាត ឱ្យសិស្សចាប់ពីថ្នាក់ទី ៦ ដល់ទី ១២ វិលត្រឡប់ទៅសាលារៀនវិញ ចាប់ពីថ្ងៃច័ន្ទ ខណៈពេលដែលសិស្ស ពីមត្តេយ្យដល់ថ្នាក់បឋមសិក្សា នៅផ្ទះដដែល និងរៀនតាមអ៊ិនធរណេត រយៈពេលមួយសប្តាហ៍ទៀត។ ប្រទេសវៀតណាម បានបើកសាលារៀនឡើងវិញ ទទួលនិស្សិតជិត ២៣ លាននាក់ពីមត្តេយ្យ រហូតដល់វិទ្យាល័យ សម្រាប់ឆ្នាំសិក្សា ២០២០-២០២១ កាលពីថ្ងៃសៅរ៍សប្តាហ៍មុន៕ ប្រែសម្រួលៈ ណៃ តុលា

To Top