Covid-19

សាកលវិទ្យាល័យ Johns Hopkins ៖ អាមេរិក មានអ្នកស្លាប់ដោយជំងឺកូវីដ១៩ លើសពី២០ម៉ឺននាក់

ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ថា សាកលវិទ្យាល័យ Johns Hopkins University បានឲ្យដឹងថា ចំនួនអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ នៅសហរដ្ឋអាមេរិក គិតត្រឹមថ្ងៃអង្គារ បានកើនឡើងលើសពី២០០.០០០នាក់ ។

សាកលវិទ្យាល័យដដែលនេះ បានឲ្យដឹងថា ជាមួយគ្នានេះដែរ ករណីនៃអ្នកឆ្លងជំងឺ បានកើនឡើងលើសពី៦,៨លាននាក់ នៅទូទាំងសហរដ្ឋអាមេរិក ហើយអ្នកស្លាប់មាន ចំនួន២០០.០០៥នាក់ គិតត្រឹមម៉ោង១១និង២៣នាទីព្រឹក ម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង១៥និង២៣នាទីម៉ោងសកល ។

សកលវិទ្យាល័យបានបង្ហាញថា រដ្ឋញ៉ូវយ៉ក ត្រូវបានគេរាយការណ៍មកថា មានអ្នកស្លាប់ចំនួន៣៣.០៩២នាក់ ដែលជារដ្ឋស្ថិតក្នុងលំដាប់ខ្ពស់បំផុត ក្នុងចំណោមរដ្ឋនៅសហរដ្ឋអាមេរិក ដែលមានអ្នកស្លាប់ច្រើនជាងគេក្នុងបញ្ជី ។ រដ្ឋ New Jersey បានកត់ត្រា ដែលមានអ្នកស្លាប់ ស្ថិតក្នុងលំដាប់លេខ២ គឺចំនួន១៦.០៦៩នាក់ ។ រដ្ឋតិចសាស់ កាលីហ្វ័រនីញ៉ា និងផ្លារីដា ត្រូវបានបញ្ជាក់ថា មានអ្នកស្លាប់លើសពី១៣.០០០នាក់ ។

បណ្តារដ្ឋជាច្រើនទៀត មានអ្នកស្លាប់ជាង៧.០០០នាក់ ក្នុងនោះរាប់ទាំង រដ្ឋម៉ាសាជូសិត Illinois និងPennsylvania ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top