Covid-19

មីយ៉ាន់ម៉ា មានអ្នកឆ្លងជំងឺកូវីដ១៩ ជាង១ម៉ឺននាក់ និងស្លាប់ជាង២០០នាក់

រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល និងកីឡា បានប្រកាសឲ្យដឹងថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសមីយ៉ាន់ម៉ា បានកើនឡើងដល់ ១០.៧៣៤នាក់ គិតត្រឹមថ្ងៃអាទិត្យ ។

សេចក្តីប្រកាសបានឲ្យដឹងថា សរុបអ្នកឆ្លងជំងឺកូវីដ១៩បន្ថែមទៀត ចំនួន៧៤៣នាក់ ត្រូវបានរាយការណ៍ឲ្យដឹង កាលពីថ្ងៃអាទិត្យ ។ ចំនួនអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ មានចំនួន២២៦នាក់ ដែលមានអ្នកស្លាប់ថ្មី ដោយសារជំងឺចំនួន២៨នាក់ គិតត្រឹមថ្ងៃអាទិត្យ នៅក្នុងប្រទេស ។

តួលេខចេញដោយក្រសួង បានឲ្យដឹងថា សរុបវត្ថុវិភាគចំនួន២៤៥.១៥៤នាក់ ត្រូវបានធ្វើតេស្ត រកមើលមេរោគបង្កជំងឺកូវីដ១៩ និងអ្នកជំងឺចំនួន១៣.៧៧៣នាក់ ស្ថិតក្រោមការតាមដាន ។

គណៈកម្មាធិការកណ្តាលជាតិបង្ការរោគ ត្រួតពិនិត្យ និងព្យាបាលជំងឺកូវីដ១៩ បានប្រកាស កាលពីពាក់កណ្តាលអធ្រាតថា នៅក្នុងតំបន់មួយចំនួន និងរដ្ឋនានា ក្នុងនោះរាប់ទាំង រ៉ងហ្គូន នៅតែបន្តឆ្លងរាលដាលជំងឺកូវីដ១៩ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top