Covid-19

រដ្ឋមន្ត្រីការបរទេសអាមេរិក បន្ថយរយៈពេល ទស្សនកិច្ចនៅអាស៊ី ក្រោយលោក ត្រាំ មានជំងឺកូវីដ១៩

បរទេស៖ រដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក លោក Mike Pompeo នឹងចាកចេញទៅប្រទេសជប៉ុន នៅថ្ងៃអាទិត្យនេះ ប៉ុន្តែនឹងមិនទៅប្រទេសម៉ុងហ្គោល និងកូរ៉េខាងត្បូង តាមការគ្រោងទុកពីមុនទេ បន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ បានធ្វើរោគវិនិច្ឆ័យ និងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ដោយសារមេរោគកូរ៉ូណា។

ដំបូងឡើយ លោក Pompeo បានគ្រោងធ្វើទស្សនកិច្ចប្រទេសទាំងអស់៣ នៅចន្លោះថ្ងៃទី០៤ ដល់ថ្ងៃទី០៨ ខែតុលានេះ ហើយលោកនៅតែគ្រោងចាកចេញ ទៅទីក្រុងតូក្យូនៅថ្ងៃអាទិត្យនេះ ប៉ុន្តែនឹងវិលត្រឡប់ មកទីក្រុងវ៉ាស៊ីនតោនវិញ នៅថ្ងៃទី០៦ ខែតុលា ក្រោយពិភាក្សាគ្នា ជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន និងចូលរួមកិច្ចប្រជុំ ជាមួយរដ្ឋមន្ត្រីការបរទេសឥណ្ឌា និងអូស្ត្រាលីរួច។

គួរបញ្ជាក់ថា លោក ត្រាំ បានប្រកាសពីជំងឺ របស់លោក កាលពីថ្ងៃសុក្រ ហើយបានជិះយន្តហោះ ចេញពីសេតវិមាន ទៅកាន់មជ្ឈមណ្ឌល ព្យាបាលយោធាជាតិ Walter Reed នៅជិតទីក្រុងវ៉ាស៊ីនតោន។ នៅក្នុងវីដេអូឃ្លីបពីមន្ទីរពេទ្យ នៅថ្ងៃសៅរ៍សប្ដាហ៍នេះ លោក ត្រាំ បាននិយាយថា លោកមានអារម្មណ៍ ប្រសើរខ្លាំងឡើងហើយ ប៉ុន្តែពីរបីថ្ងៃទៀត នឹងជាការតេស្តពិតប្រាកដ នៃការព្យាបាលលោក សម្រាប់ជំងឺកូវីដ១៩៕

To Top