Covid-19

WHO ព្រួយបារម្ភ ចំពោះការឆ្លងរាលដាលខ្លាំងជំងឺកូវីដ១៩ នៅក្នុងប្រទេសអ៊ីរ៉ាក់

បាដាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០ថា លោក Adham Ismail តំណាងឲ្យអង្តការ សុខភាពពិភពលោក ហៅកាត់ (WHO) ប្រចាំនៅអ៊ីរ៉ាក់ បានថ្លែងថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសអ៊ីរ៉ាក់ បានបន្តកើនឡើង ដែលនេះជាក្តីបារម្ភ ដោយសារតែមានការប្រមូលផ្តុំគ្នា ហើយរដូវរងារក៏ជិតមកដល់ដែរ ។

លោក Ismail ត្រូវបានដកស្រង់សម្តី ដោយសារព័ត៌មានរដ្ឋ al-Sabah ដែលបានថ្លែងកាលពីថ្ងៃសៅរ៍ថា “ការឆ្លងរាលដាលវីរុស នៅក្នុងប្រទេស នាពេលបច្ចុប្បន្ននេះ នៅតែស្ថិតក្រោមការត្រួតពិនិត្យ និងខិតខំប្រឹងយកចិត្តទុកដាក់ របស់រដ្ឋាភិបាល ដើម្បីទប់ស្កាត់ និងត្រួតពិនិត្យការឆ្លងរាលដាលជំងឺ” ។

លោក Ismail បានកត់សម្គាល់ថា “អង្គការសុខភាពពិភពលោក បានព្រមានអំពីការកើនឡើង នៃចំនួនអ្នកឆ្លងជំងឺ ក្នុងអំឡុងពេលដែលមានការប្រមូលផ្តុំគ្នា បរាជ័យ ក្នុងការចាត់វិធានការការពារ និងខ្វះការណែនាំសុខភាព ជាពិសេសនៅជិតដល់បុណ្យសាសនា របស់ពួកស៊ីអ៊ីដ និងរដូវរងាក៏ជិតមកដល់ដែរ” ។

គាត់បានថ្លែងថា ឥឡូវនេះ ប្រទេសអ៊ីរ៉ាក់ ស្ថិតក្នុងដំណាក់កាលទី៣ នៃការឆ្លងជំងឺកូវីដ១៩ ដែល “ឆ្លងរាលដាលនៅតាមតំបន់” ។

ក្រសួងសុខាភិបាលបានឲ្យដឹងថា អ្នកស្លាប់បន្ថែមទៀត ដោយសារជំងឺកូវីដ១៩ មានចំនួន៤៩នាក់ ដែលនាំឲ្យចំនួនអ្នកស្លាប់ដោយសារវីរុស កើនឡើងដល់៩.៣៤៧នាក់ នៅក្នុងប្រទេសនេះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top