Covid-19

អ្នកជំងឺកូវីដនៅឥណ្ឌា បង្ខំចិត្តព្យាបាលនៅផ្ទះ ខណៈមន្ទីរពេទ្យអស់គ្រែ, តម្លៃអុកស៊ីសែន ឡើងថ្លៃលើសមុន ១០ដង

បរទេស៖ មន្ទីរពេទ្យភាគច្រើននៅទីក្រុង ដេលី និងទីក្រុងជាច្រើនទៀតក្នុងប្រទេសឥណ្ឌា ខ្វះគ្រែសម្រាប់អ្នកជំងឺកូវីដ១៩ ដោយបានបង្ខំឱ្យប្រជាជន រកវិធីព្យាបាលអ្នកជំងឺនៅផ្ទះ។ ជាងនេះទៅទៀត វាថែមទាំងបង្ហាញការ លំបាកមួយកម្រិតទៀត ដោយសារតែតម្លៃអុកស៊ីសែន បានកើនឡើងលើសមុនប្រហែល ១០ដង, ថ្នាំសំខាន់ៗ តម្លៃបានឡើងយ៉ាងខ្លាំងនៅលើទីផ្សារងងឹត។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា នាង Anshu Priya បានចំណាយពេលភាគច្រើនរបស់នាង នៅថ្ងៃអាទិត្យដើម្បីស្វែងរកអុកស៊ីសែន ដោយសារតែស្ថានភាពរបស់ឪពុកក្មេក របស់នាងកាន់តែយ៉ាប់យ៉ឺន។ នាងមិនអាចរកគ្រែមន្ទីរពេទ្យនៅទីក្រុង ដេលីឬនៅជាយក្រុង Noida បានទេ។ ការស្វែងរកស៊ីឡាំងអុកស៊ីសែន នៅក្នុងហាងក៏គ្មានប្រយោជន៍ដែរ ដែលបង្ខំឱ្យនាងងាកទៅរកទីផ្សារងងឹត។

នាងបានចំណាយប្រាក់ចំនួន ៥០ ០០០ រូពី (៦៧០ ដុល្លារអាមេរិក) ដើម្បីទិញអុកស៊ីសែននៅផ្សារងងឹត ខណៈដែលតម្លៃធម្មតា គឺត្រឹមតែ ៦ ០០០ រូពីប៉ុណ្ណោះ។

ប្រទេសឥណ្ឌាត្រូវបានគេរាយការណ៍ថា មានករណីឆ្លងវីរុសជាង ៣០ ម៉ឺនករណីជាច្រើនថ្ងៃមកហើយ ដោយបង្កើតកំណត់ត្រាប្រចាំថ្ងៃថ្មី ហើយការកើនឡើងយ៉ាងខ្លាំងនៃអ្នកឆ្លងវីរុសនេះ បានសន្ធប់ទៅលើប្រព័ន្ធសុខាភិបាល នៃទីក្រុងជាច្រើនរបស់ឥណ្ឌា ៕

ប្រែសម្រួលៈ ណៃ តុលា

To Top