ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះ បាននាំយកថវិកាចំនួន១០លានរៀល និងសម្ភារៈមួយចំនួនទៀត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ប្រគល់ជូនអ្នកចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទី៤លាននាក់ គឺលោក សូ សយ អាយុ៦៥ឆ្នាំ ជាយុទ្ធជនពិការ រស់នៅភូមិប្រទាល ឃុំអណ្តូងទឹក ស្រុកបុទុមសាគរ ខេត្តកោះកុង ។
សូមបញ្ជាក់ថា កាលពីថ្ងៃ១០ កុម្ភៈ ម្ជុលទី១ បានចាក់ទៅលើលោក ហ៊ុន ម៉ាណែត ហើយថ្ងៃ១១ មេសា រកឃើញមនុស្សទី១លាននាក់ចាក់វ៉ាក់សាំងបានទៅលោក ប៉ាន់ សុវណ្ណរិទ្ធិ ។ ចំណែកថ្ងៃទី១៤ ឧសភា រកឃើញមនុស្ស ទី២លាន បានទៅអ្នកស្រី ទិត ចិន្តា ជាកម្មការិនីរោងចក្រ ។ ដោយឡែកថ្ងៃទី១៤ មិថុនា បានរកឃើញមនុស្សទី៣លាន គឺអ្នកស្រី ស៊ុ សំអឿន រស់នៅខេត្តកណ្ដាល សម្រាប់ថ្ងៃទី២៨ មិថុនា បានរកឃើញ អ្នកទី៤លាន លោក លោក សូ សយ រស់នៅខេត្តកោះកុង។
សម្ដេចតេជោ ហ៊ុន សែន បានអបអរសាទរ និងជួយឧបត្ថម្ភនូវថវិកា ចំនួន១០លានរៀល និងសម្ភារៈផ្សេងទៀត ដូចមនុស្សទី១លាន ទី២លាន ទី៣លាន និងទី៤លាន ផងដែរ។ សម្ដេច បានកោតសរសើរចំពោះក្រុមគ្រូពេទ្យ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានខិតខំចាក់វ៉ាក់សាំងជូនប្រជាជន។
សម្ដេចតេជោ អរគុណចំពោះមិត្តចិន ដែលបានជួយផ្គត់ផ្គង់វ៉ាក់សាំងដល់កម្ពុជាដែលធ្វើឲ្យកម្ពុជាឈានទៅសម្រេចបាននូវការចាក់វ៉ាកសាំង ៤០ភាគរយ នៃចំនួនដែលត្រូវចាក់។ សម្តេចថា “ប្រសិនបើកុំមានជំនួយឧបត្ថម្ភពីមិត្តចិនទេ មកដល់ពេលនេះ កុំថាឡើយចាក់បាន៤លាននាក់ សូម្បីតែ២០ម៉ឺននាក់ ក៏មិនអាចចាក់បានផង ហើយច្បាស់ជាកំពុងស្ថិតនៅក្នុងវិបត្តិអត់វ៉ាក់សាំងដែលគ្មានច្រកចេញ” ។
យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល បានឲ្យដឹងថា គិតត្រឹមថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធទូទាំងប្រទេសចំនួន ៤,០១៩,៧៥១នាក់។ សម្រាប់លទ្ធផលចាក់វ៉ាក់សាំងគោលដៅ១០លាននាក់ បានចំនួន៤០.២០% ហើយ ៕