កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា នៅថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២១នេះ បានដឹកនាំក្រុមការងារចុះពិនិត្យតាមគោលដៅ ក្នុងការរៀបចំរបស់ក្រុមគ្រូពេទ្យ នាថ្ងៃបើកយុទ្ធនាការដំបូង ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ ក្នុងស្រុកចំនួន ៤ និងក្រុងកំពង់ចាម ។
ក្នុងដំណើរចុះត្រួតពិនិត្យនាពេលនោះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវ«យុទ្ធនាការជាតិចាក់វ៉ាក់សាំង»សំដៅបង្កើតឱ្យមានភាពស៊ាំ ក្នុងសហគមន៍ទប់ទល់នឹងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍។
ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ រដ្ឋបាលខេត្ត បានរៀបចំផែនការខេត្ត ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលបានចុះឈ្មោះស្ម័គ្រចិត្តចាក់វ៉ាក់សាំងជាមួយអាជ្ញាធរឃុំ-សង្កាត់ក្នុងស្រុកបាធាយ,ស្រុកជើងព្រៃ, ស្រុកព្រៃឈរ, ស្រុកកំពង់សៀម និងក្រុងកំពង់ចាម។
ដូច្នេះ ប្រជាពលរដ្ឋដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ ដែលបានចុះឈ្មោះស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាមួយអាជ្ញាធរឃុំ-សង្កាត់, កម្មករកម្មការិនី តាមរោងចក្រ សហគ្រាស និងបងប្អូនដែលរស់នៅតាមបណ្តាក្រុង-ស្រុកខាងលើ សូមអញ្ជើញទៅទទួលការចាក់វ៉ាក់សាំងដោយឥតគិតថ្លៃ នៅតាមទីតាំងចាក់វ៉ាក់សាំង ដែលរដ្ឋបាលខេត្តបានរៀបចំ ចាប់ពីថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២១នេះតទៅ ដែលមានរយៈពេល ១៤ថ្ងៃ ក្នុងការចាក់ដូសលើកទី១ ដោយ-ពេលព្រឹកចាប់ម៉ោង ០៨:០០នាទី ដល់ម៉ោង ១១.០០នាទី និងពេលរសៀល ចាប់ពីម៉ោង ១៣:០០នាទី ដល់ម៉ោង ១៦:០០នាទី ។
លោកអភិបាលខេត្តបានបញ្ជាក់ថា សម្រាប់ក្រុងកំពង់ចាម ស្រុកកំពង់សៀម និងស្រុកព្រៃឈរ គឺមានចំនួន ២៧ គោលដៅ ដែលមានគ្រូពេទ្យតាមគោលដៅចំនួនសរុប ៧៦០នាក់ ។ ដោយឡែក សម្រាប់ស្រុកជើងព្រៃ និងស្រុកបាធាយ មានក្រុមគ្រូពេទ្យកងយុទ្ធពលខេមរៈភូមិន្ទ កំពុងបំពេញភារកិច្ចចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ នៅទីនោះផងដែរ ។