Covid-19

លោកស្រី ឱ វណ្ណឌីន ៖ កម្ពុជាដល់បន្ទាត់ក្រហមហើយ ក្រោយកន្លែងសង្គ្រោះបន្ទាន់អ្នកជំងឺកូវីដ ពេញសឹងគ្រប់កន្លែង(Video)

ភ្នំពេញ ៖ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះ កិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ លោកស្រី ឱ វណ្ណឌីន បានឲ្យដឹងថា បច្ចុប្បន្នកម្ពុជាបានដើរដល់បន្ទាត់ក្រហមហើយ ក្រោយពីកន្លែងសង្គ្រោះបន្ទាន់ព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតធ្ងន់ពេញសឹងគ្រប់កន្លែង ជាពិសេសនោះ អ្នកឆ្លងកើនឡើងជារៀងរាល់ថ្ងៃ ផងដែរ។

ក្នុងពិធីប្រគល់ថវិកា៣លានរៀល សម្ភារៈមួយចំនួនទៀត ជូនលោកយាយ អាយុ១០១ឆ្នាំ ដែលស្ម័គ្រចិត្តមកចាក់វ៉ាក់សាំកូវីដ-១៩ នាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ លោកស្រី ឱ វណ្ណឌីន បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប បន្ដចូលរួមការពារខ្លួនពីជំងឺកូវីដ-១៩ ដោយអនុវត្តតាមវិធានការសុខាភិបាល។

លោកស្រីសង្កេតឃើញថា វិធានការ៣កុំ ៣ការពារ នាពេលបច្ចុប្បន្ន ប្រជាពលរដ្ឋអនុវត្តនៅមានភាពខ្វះខាតដោយពលរដ្ឋមួយចំនួន គិតថា មិនអីទេ មិនចាំបាច់អនុវត្តឲ្យម៉ត់ចត់ អ្នកខ្លះគិតថា មិនចាំបាច់ពាក់ម៉ាស់ អ្នកខ្លះទៀត យល់ឃើញកូវីដ-១៩ ជាជំងឺផ្ដាសសាយធម្មតា។

លោកស្រីបញ្ជាក់ថា «យើងដឹងហើយ ការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ជាងមួយឆ្នាំកន្លះនេះ ចឹងប្រជាពលរដ្ឋយើងហាក់ ដូចជា មានភាពនឿយណាយដែរ ហើយនឿយណាយនេះឯង ប្រសិនបើយើងនូវតែនឿយណាយ យើងមិនគិតថា ការនឿយណាយរបស់យើង វាជំរុញនឹងឲ្យមានការចម្លងខ្លាំង ចឹងប្រឈមគ្រោះថ្នាក់ធំហើយ។ ចឹងសូមឲ្យគិតត្រឡប់មកវិញអ្វីដែលត្រូវប្រកាន់យកពេលនេះ គឺមានវិធានការពារខ្លួន ៣កុំ ៣ការពារ»។

លោកស្រីបន្ដថា «ឥឡូវនេះជាដំណាក់កាលមួយ ដែលយើងកំពុងស្ថិតនៅស្ថានភាពមួយ គឺការឆ្លងរីករាលដាលនូវជំងឺកូវីដ-១៩នេះ របស់យើងនៅកម្ពុជា គឺបានធ្វើដំណើរឆ្ពោះដល់បន្ទាត់ក្រហមហើយ។ ហេតុអីបានជា ខ្ញុំនិយាយ បន្ទាត់ក្រហម ឥឡូវយើងមើលមូលដ្ឋានសុខាភិបាលសាធារណៈរបស់យើង បើយើងនិយាយមួយបែបទៀត មន្ទីរពេទ្យ ហើយមន្ទីរពេទ្យ មានកន្លែងសង្គ្រោះបន្ទាន់ ហើយឥឡូវភាគច្រើនកន្លែងសង្គ្រោះបន្ទាន់ គឺពេញ នៅសល់កន្លែងមួយចំនួនទៀត តែនៅតិចតួចទេ មិនជាច្រើនទេ»។

លោកស្រីពន្យល់ថា កន្លែងសង្គ្រោះបន្ទាន់អ្នកកើតជំងឺកូវីដ-១៩ ពេញអស់នោះ នឹងបញ្ជាក់ឲ្យឃើញថា ការឆ្លងរីករាលដាលនៅសហគមន៍កម្ពុជាកើនឡើង។ លោកស្រីថា គ្រាន់តែប៉ុន្មានថ្ងៃនេះ ករណីឆ្លងជំងឺកូវីដ-១៩ និងករណីអ្នកស្លាប់ កើនឡើងខ្ពស់ដូចគ្នា។ ក្នុងខែមិថុនា ឆ្នាំ២០២១ មានអ្នកឆ្លងជាង២ម៉ឺននាក់ និងអ្នកស្លាប់ជាង៤០០នាក់។ បច្ចុប្បន្នការឆ្លងជំងឺកូវីដ-១៩មានភាពទូលំទូលាយ ដូច្នេះបើសិនកម្ពុជាខ្វះឧកស៊ីសែនទៀត កាន់តែលំបាកហើយ ដូចនេះត្រូវរួបរួមការពារជំងឺកូវីដ-១៩ បន្ថែមទៀត។

ជាងនេះទៅទៀត លោកស្រី រដ្ឋលេខាធិការ លើកឡើងទៀតថា គ្រប់ភាគីពាក់ព័ន្ធទាំងអស់បាននាំបន្ថែមការទប់ស្កាត់ជំងឺកូវីដ-១៩ ដើម្បីកុំឲ្យដើរផុតបន្ទាក់ក្រហម។ កាលណាកម្ពុជាផុតបន្ទាត់ក្រហម ការឆ្លងទ្រង់ទ្រាយធំ នឹងចូលដល់ក្នុងសហគមន៍លែងរកប្រភពឆ្លងឃើញហើយ។ លោកស្រីថា ក្នុងដំណាក់កាលនាពេលបច្ចុប្បន្ន ស្ថានភាពជំងឺកូវីដ-១៩ មិនអាចឲ្យរលត់បាត់ទាំងស្រុងទេ គឺត្រូវចូលរួមកាន់បន្ថយបន្ដិចម្ដងៗ ហើយត្រូវរៀនសូត្រពីជំងឺកូវីដ-១៩ តាមបែបគន្លងថ្មី ដើម្បីធ្វើយ៉ាងណាជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជាឡើងវិញ។

ឆ្លៀតឱកាសនោះដែរ លោកស្រី ឱ វណ្ណឌីន ក៏បានណែនាំឲ្យពលរដ្ឋប្រើប្រាស់ឧបករណ៍តេស្តរហ័ស ដែលមានចុះបញ្ជីការច្បាស់លាស់ជាមួយក្រសួងសុខាភិបាល ព្រមទាំង អនុវត្តទៅតាមលក្ខណៈបច្ចេកទេស ព្រោះបើប្រើប្រាស់មិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងអាចមានផលលំបាកចំពោះខ្លួនឯង។

សូមរំលឹកថា គិតត្រឹមថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៥១,៣៨៤នាក់ ក្នុងនោះ អ្នកជាសះស្បើយ ចំនួន ៤៤,៨៥៨នាក់ និងស្លាប់ ចំនួន៦២៨នាក់៕

To Top