Covid-19

កុមារតូចៗ មិនត្រូវបានអនុញ្ញាតឲ្យព្យាបាលជំងឺកូវីដ១៩ នៅផ្ទះ (Video)

ភ្នំពេញ ៖ ក្រសួងសុខាភិបាល និងអាជ្ញាធររាជធានីភ្នំពេញកំពុងដាក់ដំណើរការនីតិវិធីឲ្យអ្នកជំងឺកូវីដ១៩កម្រិតស្រាល ឬគ្មានរោគសញ្ញាព្យាបាលនៅតាមផ្ទះ ខណៈកុមារតូចៗមិនត្រូវបានអនុញ្ញាតឲ្យព្យាបាលនៅផ្ទះនោះទេ។

ការមិនអនុញ្ញាតឲ្យព្យាបាលនៅផ្ទះនេះ ព្រោះក្មេងតូចៗបានចាប់ចូលជាប្រភេទអ្នកជំងឺដែលត្រូវការថែទាំងដិតដល់ និងមានហានិភ័យ។ នេះបើតាមការឲ្យដឹងពីលោក ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាលក្នុងសន្និសីទសារព័ត៌មាន ស្ដីពីគោលបំណងផ្សព្វផ្សាយនីតិវិធី និងយន្តការដាក់ព្យាបាលតាមផ្ទះ ចំពោះអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល និងគ្មានរោគសញ្ញា សម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ។

លោកបន្តថា កុមារតូចៗ ត្រូវបានលើកទឹកចិត្តឲ្យមកព្យាបាលនៅតាមបណ្ឌលព្យាបាលដែលរៀបចំដោយក្រសួង ឬអាជ្ញាធរពាក់ព័ន្ធ ។

លោក ង៉ូវ កាង បានលើកឡើងថា “កុមារតូចដែលមានហានិភ័យដល់គ្រោះថ្នាក់អាយុជីវិត ក៏យើងមិនអនុញ្ញាតដែរ (មិនអនុញ្ញាតឲ្យព្យាបាលតាមផ្ទះ ។ ជាទូទៅក្នុងការអនុវត្តជាក់ស្តែង កន្លងមកនេះ យើងជួប កុមារតូចគឺក្រុមគ្រួសារគឺគាត់បារម្ភជាងយើងជាអ្នកផ្តល់សេវាទៀត ហើយគាត់តែងតែទាក់ទងទីតាំងដាក់ព្យាបាលពួកគាត់ ជាពិសេសទៅមន្ទីរពេទ្យកុមារជាតិ មន្ទីរពេទ្យគន្ធបុប្ផា ។ កុមារធំ ៥ ឬ៦ឆ្នាំ និយាយស្តាប់គ្នាបាន ងាយស្រួលក្នុងការថែទាំគាត់ គ្មានហានិភ័យ គឺអាចមាន ហើយយើងក៏អនុញ្ញាតដែរ” ។

ជាមួយគ្នានោះ រដ្ឋលេខាធិការក្រសួងសុខាភិបាល ក៏ឲ្យដឹងទៀតថា ចាស់ជរាដែលមានជំងឺប្រចាំកាយ ក៏មិនត្រូវបានអនុញ្ញាតឲ្យព្យាបាល ដោយខ្លួនឯងតាមផ្ទះនោះដែរ ។

ចំពោះការថែទាំ និងព្យាបាលកូវីដ១៩ នៅតាមផ្ទះ គិតត្រឹមព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ មានចំនួន ១០៣៣នាក់ ក្នុងនោះ អ្នកជាសះស្បើយចំនួន ២៦៨នាក់ ពោលអ្នកកំពុងបន្តព្យាបាលតាមផ្ទះ ចំនួន ៧៦៥នាក់ ។ អ្នកទាំងអស់នេះ ត្រូវបានសាកល្បង និងស្ម័គ្រចិត្ត យកការព្យាបាលដោយខ្លួនឯងតាមផ្ទះចាប់តាំងពីដើមខែឧសភា ។ នេះបើតាមការបញ្ជាក់របស់លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top