Covid-19

សម្តេចតេជោ ៖ អ្នកចាក់វ៉ាក់សាំងទី ៥លាននាក់ បានទៅបុរសវ័យចំណាស់ នៅឧត្តរមានជ័យ

ភ្នំពេញ ៖ កម្ពុជាបានបន្តរកឃើញអ្នកចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ទី៥លាននាក់ ហើយ ដោយបានទៅលើ ឈ្មោះ ណុប មាន អាយុ៧០ឆ្នាំ រស់នៅភូមិសែនសំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ នេះបើយោងតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នាថ្ងៃ១៣ កក្កដា ។

លោក ណុប មាន នឹងទទួលបានប្រាក់ឧបត្ថម្ភ១០លានរៀល និងសម្ភារមួយចំនួនទៀតពីសម្តេចតេជោ ។

សម្ដេចតេជោបានមានប្រសាសន៍ថា «សូមអបអរសាទរ ចំពោះបងប្រុសឈ្មោះ ណុប មាន អាយុ៧០ឆ្នាំ ជាកសិកររស់នៅភូមិសែនសំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដែលទទួលបាននូវការ ចាក់វ៉ាក់សាំងទី៥លាន នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១នេះ។ លោកជំទាវ ឱ វណ្ណឌីន នឹងនាំយកថវិកាចំនួន ១០លានរៀល ព្រមទាំងសម្ភារៈផ្សេងទៀត ដែលជាជំនួយឧបត្ថម្ភទៅប្រគល់ជូនដោយផ្ទាល់»។

សម្ដេចតេជោ ក៏បានអរគុណរួមជាតិដែលបានចូលរួមប្រយុទ្ធប្រឆាំងកូវីដ-១៩ តាមរយៈការទទួលយកការចាក់វ៉ាក់សាំង ដើម្បីការពារខ្លួន និងក្រុមគ្រួសារ។

សម្ដេចតេជោ ក៏បានកោតសរសើរក្រុមគ្រូពេទ្យ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមចាក់វ៉ាក់សាំងជូនប្រជាជន ដែលមកដល់ពេលនេះចាក់បាន៥០ភាគរយ នៃចំនួនប្រជាជនដែលនឹងត្រូវចាក់១០លាននាក់ ៕

To Top