Covid-19

ឡាវបន្តបិទខ្ទប់ប្រទេស១៥ថ្ងៃថែមទៀត ដើម្បីទប់ស្កាត់កូវីដ១៩

ភ្នំពេញ៖ រដ្ឋាភិបាលឡាវបានសម្រេចបន្តអនុវត្តន៍វិធានការបិទខ្ទប់ប្រទេសបន្ថែម១៥ថ្ងៃទៀត ចាប់ពីថ្ងៃទី២០ ខែកក្កដា ដល់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ និងបន្ធូរបន្ថយវិធានការមួយចំនួន ក្នុងគោលបំណងទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ១៩ ។

យោងតាមសេចក្ដីជូនដំណឹងរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសឡាវ នៅថ្ងៃទី២២ កក្កដានេះ បានឲ្យដឹងថា ដោយស្ថានភាពជំងឺកូវីដ-១៩ នៅរដ្ឋធានីវៀងចន្ទន៍ បានថយចុះជាលំដាប់ ដោយឡែកនៅតាមបណ្តាខេត្តមួយចំនួន នៅតែបន្តរកឃើញការឆ្លងក្នុងសហគមន៍ រដ្ឋាភិបាលឡាវបានបន្តអនុវត្តន៍វិធានការគ្រប់គ្រង ការពារ ការរាលដាលជំងឺកូវីដ-១៩ បន្ថែម ១៥ថ្ងៃទៀត ។

ចំពោះកន្លែងផឹកស៊ី កាស៊ីណូ ការ៉ាអូខេ ក្លឹបកម្សាន្ត ល្បែងគ្រប់ប្រភេទ រោងភាពយន្ត កន្លែងជួបជុំកុះករ នៅតែបន្តហាមឃាត់ដដែល ហើយពលរដ្ឋដែលមិនទាន់ទទួលវ៉ាក់សាំងកូវីដ-១៩ មិនអាចធ្វើដំណើរតាមរថយន្ត និងយន្តហោះបានទេ ។ ដោយឡែកកន្លែងបាល់ទាត់ ដែលមានលក្ខណៈទ្រង់ទ្រាយធំ ក្លឹបកីឡាប្រដាល់នៅតាមបណ្តាខេត្ត ដែលមានការរាលដាលក្នុងសហគមន៍ ក៏ត្រូវហាមបន្តហាមឃាត់ផងដែរ ។

ចំណែកវិធានការដែលត្រូវបានរដ្ឋាភិបាលឡាវ បន្ធូរវន្ថយ និងអនុញ្ញាតឲ្យបើកដំណើរការនោះរួមមាន៖

  • ផ្សារទំនើប ផ្សារលក់ដុំ-លក់រាយ ផ្សាររាត្រី ផ្សារលក់ម្ហូបអាហារ កន្លែងដើរហាត់ប្រាណ នសាទ ភោជនីយដ្ឋាន ហាងកាហ្វេ រមណីយដ្ឋានទេសចរណ៍ ហាងកាត់សក់ និងហាងកែសម្ផស្ស។
    -រៀបចំកិច្ចប្រជុំក្រៅតំបន់ក្រហមមិនឲ្យមានអ្នកចូលរួមច្រើន បើកសាលារៀនគ្រប់កម្រិតសិក្សានៅរដ្ឋធានីវៀងចន្ទន៍ និងបណ្តាខេត្តដែលពុំមានហានិភ័យនៃការឆ្លងខ្ពស់។
  • ក្លឹបកីឡាគ្រប់ប្រភេទ កន្លែងម៉ាស្សា (ទទួលសេវាកម្មតែបុគ្គលណា ដែលបានទទួលវ៉ាក់សាំងកូវីដ-១៩ គ្រប់ពីរដូស និងបើកត្រឹមម៉ោង ៨យប់) នៅរដ្ឋធានីវៀងចន្ទន៍ និងបណ្តាខេត្តដែលពុំមានហានិភ័យ នៃការឆ្លងខ្ពស់ មិនអនុញ្ញាតឲ្យលក់គ្រឿងស្រវឹង។ សូមបងប្អូនប្រជាពលរដ្ឋ ពលករ និស្សិតខ្មែរទាំងអស់មេត្តាជ្រាបជាព័ត៌មាន និងសូមអនុវត្តន៍តាមសេចក្តី

ស្ថានទូត ក៏បានអំពាវនាវឲ្យពលរដ្ឋ ពលករ និងនិស្សិតខ្មែរទាំងអស់កំពុងរស់នៅប្រកបអាជីវកម្ម ធ្វើការងារ និងសិក្សានៅឡាវ ត្រូវអនុវត្តន៍តាមការណែនាំរបស់រដ្ឋាភិបាលឡាវ និងបន្តរក្សាអនាម័យឲ្យបានល្អ ដោយអនុវត្តន៍តាមវិធានការ របស់រាជរដ្ឋាភិបាលកម្ពុជា ៣កុំ ៣ការពារ ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ឲ្យមានប្រសិទ្ធភាព ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top