Covid-19

ថៃ បង្កើនកំណត់ត្រាអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ កាន់តែខ្ពស់ប្រចាំថ្ងៃ រហូតដល់ ២៣៥នាក់

បរទេស៖ ក្រសួងសុខាភិបាលថៃ បានរាយការណ៍នៅព្រឹកថ្ងៃអង្គារថា ប្រទេសថៃបានកត់ត្រាករណីឆ្លងវីរុសថ្មីចំនួន ១៩ ៨៤៣ នាក់ និងមានអ្នកស្លាប់ដោយសារជំងឺនេះរហូតដល់ ២៣៥ នាក់ ក្នុងរយៈពេល ២៤ ម៉ោងមុន។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា មានករណីឆ្លងសរុបទាំង ១៩ ៨៤៣ នាក់ គឺចំនួន ១៩ ៤៤៥នាក់ រកឃើញនៅក្នុងចំណោមប្រជាជនទូទៅ និង ៣៩៨នាក់ រកឃើញនៅ ក្នុងចំណោមអ្នកទោសក្នុងពន្ធនាគារ។

កាលពីថ្ងៃច័ន្ទ ក៏មានអ្នកជំងឺកូវីដ ១៩ ចំនួន ២២ ៨០៦ នាក់បានជាសះស្បើយហើយត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ។

នាយកដ្ឋានគ្រប់គ្រងជំងឺរបស់ប្រទេសថៃ បានរាយការណ៍នៅពេលក្រោយថា អ្នកស្លាប់ថ្មីចំនួន ២៣៥ នាក់ មានអាយុពី ២០-១០០ ឆ្នាំហើយ ៦៤% នៃអ្នកស្លាប់មានអាយុ ៦០ ឆ្នាំឡើងទៅ។ អ្នកស្លាប់ម្នាក់គឺស្ត្រីមានផ្ទៃពោះ, ២ នាក់បានស្លាប់នៅផ្ទះនៅទីក្រុងបាងកក និងខេត្ត ណារ៉ា ធីវ៉ាត ហើយ ៨ នាក់ទៀតមិនមានជំងឺអ្វីឡើយ៕

ប្រែសម្រួលៈ ណៃ តុលា

To Top