ភ្នំពេញ៖ អំណោយជាថ្នាំពេទ្យ និងឧបករណ៍ចាំបាច់មួយចំនួន ត្រូវបានស្ថានទូតចិន និងបណ្តាទីក្រុង/ខេត្ត សម្ព័ន្ធមេត្រីចិនចំនួន៨ ប្រគល់ជូន រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១នេះ ដើម្បីចូលរួមចំណែកគាំទ្រក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំង ការរីករាលដាលជំងឺកូវីដ-១៩ ខណៈជំងឺនេះបានរីករាលដាលចូលក្នុងសហគមន៍ ពិសេសវីរុសបំម្លែងថ្មី ប្រភេទដែលតា (DELTA)។

អំណោយជាថ្នាំពេទ្យបុរាណចិន និងឧបករណ៍ចាំបាច់ផ្សេងៗ ដែលយកមកប្រគល់ជូន រដ្ឋបាលរាជធានីភ្នំពេញ តាមរយៈលោក វ៉ាង វិនធាន អគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា និងអំណោយទទួលបាន ពីបណ្តាទីក្រុង/ខេត្តសម្ព័ន្ធមេត្រីចិនទាំង៨ រួមមាន៖ ១. ទីក្រុងក្វាងចូវ ថ្នាំបុរាណចិន ១០,០០០ ប្រអប់ , ២.ទីក្រុងប៉េកាំង ថ្នាំបុរាណចិន ១០,០០០ ប្រអប់ , ៣.ខេត្ត ហ៊្វជៀន ថ្នាំបុរាណចិន ៣០,០០០ ប្រអប់ , ៤. ទីក្រុងគុនមិញ ថ្នាំបុរាណចិន ៥៤០០ ប្រអប់ និងម៉ាស៊ីនផលិតអុកស៊ីសែន១០គ្រឿង (អំណោយដំហានទី១) , ៥.ទីក្រុងសៀងហៃ ថ្នាំបុរាណចិន ២៤០០ ប្រអប់(អំណោយហានទី២) , ៦. ទីក្រុងហឺហ្វេ ថ្នាំបុរាណចិន ២០,០០០ ប្រអប់ , ៧.ទីក្រុងវ៉ូហានថ្នាំបុរាណចិន ៩,២០០ ប្រអប់ និង៨.ទីក្រុងណាននីង ថ្នាំបុរាណចិន ៨០០០ ប្រអប់ និងម៉ាស៊ីនផលិតអុកស៊ីសែនចំនួន០៣ គ្រឿង ។ សរុបថ្នាំបុរាណចិន ៩៥០០០ ប្រអប់ ម៉ាស៊ីនផលិតអុកស៊ីសែន ចំនួន១៣ គ្រឿង ។

ឱកាសនោះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានសម្តែងការអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះប្រជាជនចិន និងថ្នាក់ដឹកនាំចិនដែលតែងតែជួយកម្ពុជាក។ ជាក់ស្តែងក្នុងពេលនេះស្ថានទូតចិន និងបណ្តាទីក្រុង/ខេត្តសម្ព័ន្ធមេត្រីចិនចំនួន៨ប្រគល់អំណោយ ។

លោកឃួង ស្រេង បន្តថា “ការបរិច្ចាគនូវឱសថ និងឧបករណ៍ចាំបាច់ផ្សេងៗ ជាច្រើនបន្ថែមទៀត ជូនមករដ្ឋបាលរាជធានីភ្នំពេញ នាពេលនេះពិតជាទាន់ពេលវេលា មិនត្រឹមតែបង្ហាញពីមិត្តភាពដែលមិនអាចបំបែកបាន រវាងប្រទេស និងប្រជាជនទាំងពីរប៉ុណ្ណោះទេ ថែមទាំង គាំទ្រដល់យន្តការដែលមានស្រាប់ក្នុងការការពារ និងលើកកម្ពស់សុខុមាលភាព ក៏ដូចជាសុខភាពរបស់ប្រជាជនក្នុងការកសាងសហគមន៍សុខភាព និងវិបុលភាពរួម” ៕

