Covid-19

ក្រសួងសុខាភិបាល កំណត់ឲ្យភូមិសាស្រ្ត១៥ខេត្ត ត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាព

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានកំណត់យកភូមិសាស្ដ្រ ចំនួន១៥ខេត្ត ដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការសហគមន៍ ២០ កុម្ភៈ តម្រូវឲ្យអនុវត្តកាតព្វកិច្ចពាក់ម៉ាស់ និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព។

យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានឲ្យដឹងថា «ភូមិសាស្ត្រខេត្តពោធិ៍សាត់ បាត់ដំបង មណ្ឌលគិរី រតនគិរី ក្រចេះ ស្ទឹងត្រែង កំពត កែប កំពង់ធំ ព្រះវិហារ ប៉ៃលិន កោះកុង កំពង់ឆ្នាំង ត្បូងឃ្មុំ និងខេត្តឧត្តរមានជ័យ ត្រូវបានកំណត់យកជា ភូមិសាស្ត្រដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដែលតម្រូវឲ្យ មានការអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ស្របតាមសេចក្ដីប្រកាស ស្តីពីកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ក្នុងអំឡុងពេលនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍»។

លោកបានបញ្ជាក់ថា ការអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាពបុគ្គលនេះ ត្រូវចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃ ជូនដំណឹងនេះ រហូតដល់មានការជូនដំណឹងជាថ្មី។ ជាងនេះទៅទៀត លោករដ្ឋមន្ដ្រី ក៏បានអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ចាត់វិធានការដើម្បីធានាអនុវត្តឱ្យ បានម៉ឺងម៉ាត់នូវកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព និងសូមសាធារណជនទាំងអស់ ចូល រួមអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវកាតព្វកិច្ចនេះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top