Covid-19

នូវែលសេឡង់ បញ្ជាក់ពីករណីស្លាប់ ដំបូងពាក់ព័ន្ធ នឹងថ្នាំវ៉ាក់សាំងកូវីដ១៩ Pfizer

បរទេស៖ ប្រទេសនូវែលសេឡង់ នៅថ្ងៃចន្ទនេះ តាមសេចក្តីរាយការណ៍ បានរាយការណ៍អំពីករណីស្លាប់ដំបូងក្នុងប្រទេស ដែលមានជាប់ពាក់ព័ន្ធនឹងថ្នាំវ៉ាក់សាំងកូវីដ១៩ ដែលផលិតដោយក្រុមហ៊ុនឱសថ Pfizer។


ក្រសួងសុខាភិបាលនៃប្រទេសនូវែលសេឡង់ ស្ត្រីម្នាក់បានស្លាប់ដោយសារជម្ងឺរលាកសាច់ដុំបេះដូង និងផលប៉ះពាល់មួយផ្នែកពីការចាក់ថ្នាំវ៉ាក់សាំង Pfizer នេះបើតាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១។
ក្រុមឃ្លាំមើលថ្នាំវ៉ាក់សាំងកូវីដ១៩ឯករាជ្យជាតិនូវែលសេឡង់ បាននិយាយប្រាប់ក្រសួងថា ខ្លួនគិតថា មូលហេតុនៃការរលាកសាច់ដុំបេះដូង មុខជាបណ្ដាលមកពីថ្នាំវ៉ាក់សាំង ប៉ុន្តែបានបន្ថែមថា មានបញ្ហាផ្នែកវេជ្ជសាស្ត្រផ្សេងទៀត ដែលកើតមាននៅពេលតែមួយជាមួយគ្នា ដែលអាចមានឥទ្ធិពលដល់លទ្ធផល ក្រោយការចាក់ថ្នាំវ៉ាក់សាំង។


នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោកវេជ្ជបណ្ឌិត John Tait ដែលជាប្រធាននៃគណៈត្រួតពិនិត្យថ្នាំវ៉ាក់សាំងឯករាជ្យ បានមានប្រសាសន៍យ៉ាងដូច្នេះថា “ថ្នាំវ៉ាក់សាំង Pfizer គឺមានឥទ្ធិពលខ្ពស់ ក្នុងកិច្ចការពារប្រឆាំងជម្ងឺធ្ងន់ធ្ងរនិងការស្លាប់ ដែលបណ្ដាលមកពីជម្ងឺកូវីដ១៩ ហើយយើងនៅតែមានទំនុកចិត្ត ចំពោះការប្រើប្រាស់វានៅក្នុងប្រទេសនូវែលសេឡង់”៕


ប្រែសម្រួល៖ប៉ាង កុង

To Top