ហ្សឺណែវ៖ អង្គការសុខភាពពិភពលោក បានឲ្យដឹងថា ខ្លួនកំពុងឃ្លាំមើលវីរុសកូរ៉ូណាប្រភេទថ្មី ដែលត្រូវបានគេស្គាល់ថា Mu ដែលត្រូវបានគេរកឃើញដំបូងនៅក្នុងប្រទេសកូឡុំប៊ី កាលពីខែមករា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានសិង្ហបុរី។
អង្គការសុខភាពពិភពលោក បានឲ្យដឹងថា បេរោគក្លាយពូជ Mu ដែលត្រូវបានគេស្គាល់ថា ជាប្រភេទមេរោគ B.1.621 ត្រូវបានចាត់ថ្នាក់ជា“ មេរោគដែលមានការចាប់អារម្មណ៍ខ្លាំង ហើយឥទ្ធិពលនៃការចម្លង ប្រៀបធៀបទៅនឹងទម្រង់ឆ្លង Delta យ៉ាងនោះនៅមិនទាន់ដឹងច្បាស់នៅឡើយទេ”។
អង្គការសុខភាពពិភពលោកបានឲ្យដឹងទៀតថា ទម្រង់ឆ្លងថ្មីនេះ មានការប្រែប្រួលដែលបង្ហាញពីហានិភ័យនៃភាពធន់នឹងវ៉ាក់សាំងហើយបានសង្កត់ធ្ងន់ថា ត្រូវការការសិក្សាបន្ថែមទៀត ដើម្បីស្វែងយល់ឱ្យបានច្បាស់ពីប្រភេទចម្លងថ្មីនេះ។
ប្រភពព័ត៌មានជាក់លាក់បានឲ្យដឹងទៀតថា“ ទម្រង់ឆ្លងថ្មីនេះជំងឺកូវីដ-១៩ ពូជថ្មីនេះ បង្ហាញពីលក្ខណៈសម្បត្តិសក្តានុពលរបស់វា ក្នុងការរត់គេចពីប្រព័ន្ធភាពស៊ាំ បើទោះបីជាមនុស្សបានចាក់វ៉ាក់សាំងពេញលេញទៅហើយក្ដី” ។
មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការលេចឡើងនៃការផ្លាស់ប្តូរមេរោគថ្មី ខណៈអត្រាឆ្លងបានកើនឡើងនៅទូទាំងពិភពលោកជាថ្មីម្តងទៀតជាមួយនឹងទម្រង់ឆ្លងថ្មី Delta ដែលអាចចម្លងបានខ្ពស់ ជាពិសេសក្នុងចំណោមអ្នក ដែលមិនបានចាក់វ៉ាក់សាំង និងនៅក្នុងតំបន់ដែលវិធានការប្រឆាំងមេរោគ ត្រូវបានបន្ធូរបន្ថយ។
ប៉ុន្តែការផ្លាស់ប្តូរជាក់លាក់អាចប៉ះពាល់ដល់លក្ខណៈសម្បត្តិរបស់វីរុស និងមានឥទ្ធិពលលើរបៀប ដែលវារីករាលដាលភាពធ្ងន់ធ្ងរនៃជំងឺ ដែលវាបង្ក និងភាពធន់របស់វា ចំពោះវ៉ាក់សាំង និងវិធានការប្រឆាំងផ្សេងទៀត៕
ដោយ ឈូក បូរ៉ា