Covid-19

អូមីក្រុង ឆ្លងរាលដាលយ៉ាងឆាប់រហ័ស នៅអាមេរិក

វ៉ាស៊ីនតោន៖ ទម្រង់ឆ្លងអូមីក្រុង Omicron បានក្លាយជាទម្រង់ឆ្លងថ្មីនៃជំងឺកូវីដ-១៩ ដ៏លេចធ្លោនៅក្នុងសហរដ្ឋអាមេរិក ដែលមានចំនួនជាង ៧៣ភាគរយនៃករណីថ្មីប្រចាំសប្តាហ៍ នេះបើយោងតាមការប៉ាន់ស្មានគំរូចុងក្រោយរបស់មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺ (CDC)។

ទិន្នន័យរបស់ CDC បានបង្ហាញថា ករណីឆ្លងដែលបង្កឡើងដោយទម្រង់ឆ្លងអូមីក្រុង Omicron បានកើនឡើងពី ១២,៦ភាគរយនៃករណីឆ្លងទាំងអស់ក្នុងសប្តាហ៍ ដែលបញ្ចប់ពីថ្ងៃទី១១ ខែធ្នូ ដល់ ៧៣,២ភាគរយក្នុងសប្តាហ៍ដែលបញ្ចប់នៅថ្ងៃទី១៨ ខែធ្នូ។

ក្នុងសប្តាហ៍ដែលបញ្ចប់នៅថ្ងៃទី០៤ ខែធ្នូ ជំងឺកូវីដ-១៩ ទម្រង់ថ្មីអូមីក្រុង Omicron មានត្រឹមតែ ០,៧ភាគរយនៃករណីឆ្លងទាំងអស់តែប៉ុណ្ណោះ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ផ្ទាំងពាណិជ្ជកម្ម

ទម្រង់ឆ្លងអូមីក្រុង Omicron កំពុងរីករាលដាលយ៉ាងឆាប់រហ័សនៅទូទាំងប្រទេស ហើយត្រូវបានរកឃើញនៅក្នុងរដ្ឋយ៉ាងហោចណាស់ចំនួន ៤៨ របស់សហរដ្ឋអាមេរិក គិតត្រឹមថ្ងៃច័ន្ទ ចាប់តាំងពីករណីដំបូងនៅក្នុងប្រទេស ត្រូវបានរកឃើញនៅរដ្ឋកាលីហ្វ័រញ៉ាកាលពីថ្ងៃទី០១ ខែធ្នូ៕

ដោយ ឈូក បូរ៉ា

To Top
×