ព្រឹត្តិការណ៍ប្រចាំថ្ងៃ

កម្ពុជា-ស្លូវ៉ានី ឯកភាពគ្នា ពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យសក្តានុពល និងជំរុញការផ្លាស់ប្ដូរទស្សនកិច្ចទៅវិញទៅមក (Video)

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក Janez Jansa នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋស្លូវ៉ានី បានធ្វើការឯកភាពគ្នា ក្នុងការពង្រឹង ពង្រីក និងកិច្ចសហប្រតិបត្តិការ លើវិស័យដែលមានសក្តានុពល សម្រាប់ប្រទេសទាំងពីរ រួមមានវិស័យសេដ្ឋកិច្ច វិស័យពាណិជ្ជកម្ម វិស័យទេសចរណ៍ វិស័យសុខាភិបាល និងវិស័យដទៃទៀត រួមទាំងការផ្លាស់ប្ដូរដំណើរទស្សនកិច្ច រវាងប្រទេសទាំងពីរផង ដើម្បីជំរុញការងារនេះ ឱ្យទទួលបានជោគជ័យ។

ការឯកភាពគ្នានេះ ធ្វើឡើងនៅក្នុងជំនួប ពិភាក្សាការងារ រវាង សម្ដេចតេជោ ហ៊ុន សែន និងលោក Janez Jansa នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋស្លូវ៉ានី និងជាប្រធានប្តូរវេនសហភាពអឺរ៉ុប ក៏ដូចជាអ្នកសម្របអាស៊ី-អឺរ៉ុប និងអាស៊ានផងដែរ នៅល្ងាច ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១ ។

ក្នុងជំនួបនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានឯកភាពគ្នា ប្រគល់ការងារជូនក្រសួងការបរទេស នៃប្រទេសទាំងពីរ ដើម្បីពិនិត្យ និងសហការគ្នា ធ្វើយ៉ាងណារៀបចំការលើកលែងទិដ្ឋាការ សម្រាប់អ្នកការទូតនិងសម្រាប់អ្នក ធ្វើដំណើរផ្លូវការ រវាងប្រទេសទាំងពីរ។

ក្នុងក្របខ័ណ្ឌពហុភាគី ក្នុងនាមជាប្រធានអាស៊ាន និងប្រធានប្ដូរវេននៃសហភាពអឺរ៉ុប សម្ដេចតេជោ និង លោក Janez Jansa បានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងជំងឺ Covid-19 ជំរុញកិច្ចចរចាពាណិជ្ជកម្មសេរីអាស៊ាន និងអឺរ៉ុប និងសហការធ្វើយ៉ាងណាឲ្យដំណើរការកិច្ចប្រជុំអាស៊ាន នាពេលខាងមុខ ទទួលបានជោគជ័យ។

នៅក្នុងឱកាសនោះផងដែរ លោក Janez Jansa ក៏បានគោរពអញ្ជើញសម្តេចតេជោ នាយករដ្ឋមន្ត្រី ដើម្បីទៅធ្វើការទស្សនាកិច្ច នៅប្រទេសស្លូវានី ហើយសម្ដេចក៏បានទទួលយក នូវការអញ្ជើញនេះ ហើយសម្តេចបានជម្រាបជូន លោកនាយករដ្ឋមន្ត្រីស្លូវេនីថា សម្តេចនឹងអញ្ជើញទៅបំពេញទស្សនកិច្ច នៅប្រទេសស្លូវ៉ានី នៅដើមឆ្នាំក្រោយផងដែរ៕

To Top