បរទេស៖ ប្រាក់ដុល្លារអាមេរិកបានស្វែងរកឃើញចំណុចគាំទ្រ (Support level) ឡើងវិញបន្ទាប់ពីមានការធ្លាក់ចុះប៉ុន្មានថ្ងៃកន្លងមក ហើយបានរក្សាជំហររឹងមាំនៅក្នុងវគ្គជួញដូរនៅតំបន់អាស៊ីកាលពីថ្ងៃអង្គារ ខណៈដែលក្រុមពាណិជ្ជករកំពុងរង់ចាំទិន្នន័យអតិផរណារបស់សហរដ្ឋអាមេរិក ដែលអាចរុញច្រានតម្លៃប្រាក់ដុល្លារឱ្យកើនឡើងខ្ពស់ ប្រសិនបើទិន្នន័យនោះជួយពង្រឹងដល់ការរំពឹងទុកជុំវិញការដំឡើងអត្រាការប្រាក់ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន CNA ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ ។
ការធ្លាក់ចុះនៃតម្លៃប្រេង និងការកើនឡើងនៃតម្លៃភាគហ៊ុនកាលពីយប់មិញ បានទាញទម្លាក់តម្លៃប្រាក់ដុល្លារ ខណៈដែលអ្នកវិនិយោគបានបង្វែរទិសដៅត្រឡប់ទៅរកការវិនិយោគលើទ្រព្យសកម្មដែលមានហានិភ័យខ្ពស់ (Riskier assets) វិញ។
ប្រាក់ដុល្លារអូស្ត្រាលី ដែលងាយរងឥទ្ធិពលពីពាណិជ្ជកម្ម និងបរិយាកាសទីផ្សារ បានកើនឡើងជិត ១ ភាគរយពេញមួយថ្ងៃចន្ទ ដោយបានឈរនៅតម្លៃ ០,៦៩២១ ដុល្លារអាមេរិក នៅព្រឹកព្រលឹមថ្ងៃអង្គារ ខណៈប្រាក់ដុល្លារនូវែលសេឡង់បានកើនឡើងរឹតតែខ្ពស់ដល់តម្លៃ ០,៥៦២៤ ដុល្លារអាមេរិក ដោយរូបិយប័ណ្ណទាំងពីរនេះរក្សាបាននូវស្ថិរភាពក្នុងការជួញដូរនៅតំបន់អាស៊ីនាពេលព្រឹក។
រូបិយប័ណ្ណអឺរ៉ូបានស្ទុះឡើង ០,៧ ភាគរយកាលពីយប់មិញដល់តម្លៃ ១,១២២០ ដុល្លារអាមេរិក ដែលជាការវាយបកត្រឡប់មកវិញពីការធ្លាក់ចុះកាលពីថ្ងៃសុក្រ ជាពេលដែលទិន្នន័យការងារដ៏រឹងមាំរបស់សហរដ្ឋអាមេរិកបានលើកស្ទួយតម្លៃប្រាក់ដុល្លារ និងការរំពឹងទុកលើអត្រាការប្រាក់។ ការស្ទុះឡើងនេះ បានទាញគូរូបិយប័ណ្ណអឺរ៉ូ/ដុល្លារ ឱ្យស្ថិតនៅប្រហាក់ប្រហែលចំណុចកណ្តាលនៃចន្លោះតម្លៃ ដែលរូបិយប័ណ្ណនេះធ្លាប់រក្សាបានក្នុងរយៈពេលមួយខែកន្លងមក។
ទីផ្សារកំពុងមានការទិញប្រាក់ដុល្លារក្នុងរយៈពេលវែង ហើយសន្ទស្សន៍ប្រាក់ដុល្លារ (Dollar index) បានកើនឡើងនៅក្នុងឆ្នាំនេះ ខណៈដែលការរំពឹងទុកដំបូងចំពោះការកាត់បន្ថយអត្រាការប្រាក់របស់សហរដ្ឋអាមេរិក បានប្រែក្លាយយ៉ាងលឿនទៅជាការរំពឹងទុកលើការដំឡើងអត្រាការប្រាក់វិញ បន្ទាប់ពីសង្គ្រាមរវាងសហរដ្ឋអាមេរិក-អ៊ីស្រាអែល លើប្រទេសអ៊ីរ៉ង់ បានរុញច្រានតម្លៃថាមពលឱ្យឡើងថ្លៃ និងជំរុញឱ្យមានអតិផរណា។
របាយការណ៍ការងារដ៏គួរឱ្យភ្ញាក់ផ្អើលកាលពីខែតុលាដែលបានចេញផ្សាយកាលពីថ្ងៃសុក្រ ដោយមានការជួលបុគ្គលិកថ្មីច្រើនជាងការព្យាករណ៍ដល់ទៅជាងពីរដង បានធ្វើឱ្យទីផ្សាររំពឹងទុកក្នុងអត្រា ៨៥ ភាគរយថា ធនាគារកណ្តាលសហរដ្ឋអាមេរិក (Federal Reserve) នឹងដំឡើងអត្រាការប្រាក់នៅខែក្រោយ។
ប្រែសម្រួល៖ គីរី
