ភ្នំពេញ ៖ ក្រសួងទេសចរណ៍ បានឲ្យដឹងថា មានភ្ញៀវទេសចរ ជាង៤០ម៉ឺននាក់ បានចូលរួមទស្សនា នៅក្នុងពិធីបុណ្យ ទន្លេលើកទី៧ នាខេត្តកំពង់ធំ ក្នុងរយៈពេល២ថ្ងៃដំបូង ចាប់ពីថ្ងៃទី៧-៨ ខែមីនា ឆ្នាំ២០២៣។
ពិធីបុណ្យទន្លេលើកទី៧ នៅខេត្តកំពង់ធំ ប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៨-១០ ខែមីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ «ទន្លេរបស់យើង ដើម្បីបច្ចុប្បន្ន និងអនាគត (Our River for Now and Next)» ប៉ុន្តែប្រជាជនបានមក ទស្សនាកម្សាន្ត បណ្ដើរៗ មុនថ្ងៃចាប់ផ្ដើមព្រឹត្តិការណ៍ទៅទៀត។
![](https://dap-news.com/wp-content/uploads/2023/03/photo_2023-03-09_10-09-43.jpg)
យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងទេសចរណ៍ នាថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា «បើតាមប្រធាន មន្ទីរទេសចរណ៍ ខេត្តកំពង់ធំ លើកឡើងថា ចំនួនប្រជាពលដ្ឋចូលរួមថ្ងៃទី៧ មានប្រមាណ១៨,៥០០នាក់ និងថ្ងៃទី៨ មានប្រមាណ៣៨៥,០០០នាក់ សរុប៤០៣,៥០០នាក់»។
![](https://dap-news.com/wp-content/uploads/2023/03/photo_2023-03-09_10-09-40.jpg)
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ទេសចរណ៍ដ៏ធំមួយនេះ គឺមានការតាំងពិព័រណ៍សមិទ្ធផល មហោស្រពម្ហូបអាហារ និងភេសជ្ជៈ និងការតាំងពិព័រណ៍កសិទេសចរណ៍ ផលិតផលសហគ្រាសធុនតូចនិងមធ្យម ផលិតផលខ្មែរ ផលិតផលកសិកម្ម និង ផលិតផល របស់សហគមន៍ សរុបចំនួន៣០០ស្តង់។ ការរៀបចំពិព័រណ៍នេះ គឺជាការរួមចំណែក មួយក្នុងការ ប្រើប្រាស់ឲ្យអស់លទ្ធភាព នៃវិស័យទេសចរណ៍ ដែលត្រូវបានចាត់ទុកថាជាការនាំចេញ នៅនឹងកន្លែង ក្នុងការគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្ម ពិសេសការបង្កើតឱកាសការងារសម្រាប់កសិករ សិប្បករ និងអ្នកផលិតតាមរយៈទីផ្សារទេសចរណ៍៕
![](https://dap-news.com/wp-content/uploads/2023/03/photo_2023-03-09_10-09-33.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)