លោកប៉ែន បូណា ៖ ការទូតសកម្មរបស់រាជរដ្ឋាភិបាលការពារទឹកដី ធ្វើឱ្យពិភពលោកដឹងលឺពីភាពរងគ្រោះរបស់កម្ពុជា
ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលលោកប៉ែន បូណា បានថ្លែងថា ការទូតសកម្មរបស់រាជរដ្ឋាភិបាលក្នុងការការពារទឹកដី បានធ្វើឱ្យពិភពលោកបានដឹងលឺពីភាពរងគ្រោះរបស់កម្ពុជាពីការឈ្លានពានរបស់ភាគីថៃ ។
ក្នុងសេចក្តីសង្ខេបប្រចាំថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ លោក ប៉ែន បូណា លើកឡើងថា ក្រោមអភិក្រម«ការការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជន គឺជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល» ប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំកម្ពុជាមិនដែលភ្លេចឡើយក្នុងការទាក់ទាញចំណាប់អារម្មណ៍របស់សហគមន៍តំបន់ និងអន្តរជាតិមកលើទុក្ខលំបាករបស់ប្រជាពលរដ្ឋកម្ពុជាដែលរងគ្រោះ ដោយសារការបំពានកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ពីសំណាក់កងកម្លាំងថៃ។
លោកបន្តថា ជាក់ស្តែង ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំរវាងរដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយតំណាងគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្សនិងកិច្ចប្រជុំគណៈកម្មការតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែ កាលពីពេលថ្មីៗនេះ នៅប្រទេសហ្វីលីពីន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានគូសរំលេចប្រាប់អង្គប្រជុំអំពីផលវិបាកនៃស្ថានភាពមនុស្សធម៌ និងសិទ្ធិមនុស្សដែលជនភៀសសឹកកម្ពុជាកំពុងរងគ្រោះនៅតាមព្រំដែន។
អ្នកនាំពាក្យបញ្ជាក់ថា “ការទូតសកម្មរបស់រាជរដ្ឋាភិបាល ដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជននៅលើឆាកតំបន់ និងអន្តរជាតិ បានធ្វើឱ្យពិភពលោកបានដឹងលឺពីភាពរងគ្រោះរបស់កម្ពុជាពីការរំលោភបំពានលើបូរណភាពទឹកដី និងផលប៉ះពាល់លើជនស៊ីវិលកម្ពុជា” ។
លោកបន្ថែមថា សភានៃបណ្តាប្រទេសប្រើប្រាស់ភាសាបារាំង កាលពីថ្ងៃទី១១ ខែកក្កដា បានចេញសេចក្តីសម្រេចមួយដោយបញ្ជាក់ឡើងវិញពីការគាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា៕









