ស្ថានភាពជំនន់ទឹកភ្លៀង

នាយករដ្ឋមន្ដ្រីកម្ពុជា បញ្ជាឲ្យ ទិញពូជស្រូវបន្ថែមចំនួន ២ពាន់តោន ដើម្បីចែកជូន ប្រជាកសិករដែលខូចខាតស្រូវ ដោយជំនន់ទឹកភ្លៀង

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាឲ្យទិញពូជស្រូវមិនរើសរដូវបន្ថែម ចំនួន២០០០តោន ដើម្បីចែកជូនប្រជាកសិករដែលរងការខូចខាតស្រូវ ដោយសារជំនន់ទឹកភ្លៀង ដោយក្នុងមួយគ្រួសារទទួលបានពូជស្រូវចំនួន១០០គីឡូក្រាមដូចៗគ្នា។
យោងតាមការចេញផ្សាយរបស់ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ បានឲ្យដឹងថា ចាប់ពីថ្ងៃទី១ កញ្ញា ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ មានស្រូវលិចទឹកប្រមាណ ២៣២,៥៥១ហិកតា និងដំណាំ រួមផ្សំលិចទឹក ចំនួន៨៣,៩១៨ហិកតា ហើយប្រជាជនស្លាប់ ចំនួន៣៩នាក់។

ក្នុងពិធីចុះជួបសួរសុខទុក្ខ និងចែកអំណោជួនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង នៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី អូនព័ន្ធ មុនីរ័ត្ន បានផ្ញើដើម្បីសុំការអនុម័តនោះគឺនៅត្រ ង់ថា យើងមានគ្រាប់ពូជបម្រុង (ពូជស្រូវ) ក៏ប៉ុន្ដែវាមិនគ្រប់គ្រាន់ទេ តម្រូវការទិញពូជស្រូវ ដែលគេហៅ ថា ពូជស្រូវមិនប្រកាន់រដូវ ចំនួន២០០០តោន បន្ថែមទៀត ។ហើយអនុម័តជាគោលការណ៍ ប្រជាជន ដែលធ្វើស្រូវហើយដែលមានការខូចខាត ត្រូវផ្ដល់មួយគ្រួសារ១០០គីឡូក្រាម ជាស្រូវពូជ»។

សម្ដេចតេជោ បន្ដថា ចំពោះប្រជាពលរដ្ឋមិនមែនជាអ្នកធ្វើស្រូវ តែធ្វើដំណាំផ្សេងៗ រាជរដ្ឋាភិបាលនឹងធ្វើ ការដោះស្រាយ ហើយជូនពូជដំណាំចំនួន៦មុខផងដែរ។សម្ដេចថា ក្រសួងស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាល ខេត្ត-ក្រុង ត្រូវរួមគ្នាវាយតម្លៃចំពោះការខូចខាត កសិផលរបស់ប្រជាពលរដ្ឋ ដោយសារជំនន់ទឹកភ្លៀង។

ជាងនេះទៅទៀត សម្ដេចតេជោ ហ៊ុន សែន ក៏បានផ្ដាំផ្ញើដល់ អភិបាល ខេត្ត-ក្រុង ដែទទួលរងផលប៉ះ ពាល់ដោយជំនន់ទឹកភ្លៀង ត្រូវមានការយកចិត្តទុកដាក់ ដើម្បីពិនិត្យឲ្យជាក់លាក់ទៅលើគ្រួសារណាមួ យដែលខូចខាតស្រូវពិតប្រាកដ ដើម្បីចែកពូជស្រូវឲ្យប្រសិទ្ធិភាពខ្ពស់។

សម្តេចថា រហូតដល់ពេលនេះ ថវិកាសប្បុរសជន ចូលរួមតាមរយៈរាជរដ្ឋាភិបាល ដើម្បីជួយដល់ ជនរងគ្រោះ ដោយជំនន់ទឹកភ្លៀង កើនដល់ជាង៨លានដុល្លារ ហើយបានបញ្ចេញ ដើម្បីជួយ ប្រជាពលរដ្ឋផងដែរ។

ឆ្លៀតឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន លើកឡើងថា ជាមួយនឹងការប្រយុទ្ធ ដើម្បីយកឈ្នះជាមួយជំនន់ទឹកភ្លៀង ភាគីពាក់ព័ន្ធ នៅតែបន្តប្រយុទ្ធជាមួយកូវីដ-១៩ ដែលពិបាកជាងទឹកជំនន់ ព្រោះតែកូវីដ១៩យើងមើលមិនឃើញឡើយ។សម្ដេចថា ការលំបាកដោយកូវីដ១៩នាពេលនេះ មិនមែនតែក្នុងប្រទេសកម្ពុជានោះទេ គឺលើពិភពលោក ប្រទេសនានា ក៏មានការលំបាកផងដែរ៕ដោយ៖ អេង ប៊ូឆេង

To Top