បន្ទាយមានជ័យ: ឧត្តមសេនីយ៍ទោ សេង ធារិនមេបញ្ជាការរងនាយសេនិការ យោធភូមិភាគទី៥ អញ្ជើញអមដំណើរ ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១នេះ ពិនិត្យស្ថានភាព ជំនន់ទឹកភ្លៀង និងផលប៉ះពាល់របស់ប្រជាពលរដ្ឋដោយផ្ទាល់នៅក្នុងក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ។




សូមបញ្ជាក់ថា ដោយប៉ុន្មានថ្ងៃនេះកម្ពុជាបាននិងកំពុងបន្តទទួលរងឥទ្ធិពលនៃជ្រលងសម្ពាធទាប បង្ករឱ្យមានភ្លៀងធ្លាក់ពីមធ្យមទៅខ្លាំងដែលអាចបង្ករជាជំនន់ទឹកភ្លៀង ជន់លិច និងបង្កឲ្យមានផលប៉ះពាល់មួយចំនួន តែមិនទាន់ធ្ងន់ធ្ងនៅឡើយទេ។


គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរពាក់ព័ន្ធ កំពុងយកចិត្តទុកដាក់ ត្រៀមជួយសង្គ្រោះ និងដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋតាមស្ថានភាពជាក់ស្តែង និងបង្កើនការយកចិត្តទុកដាក់ខ្ពស់ ដើម្បីតាមដានត្រួតពិនិត្យ និងគ្រប់គ្រងសភាពការណ៍ រួមជាមួយនិងការចល័តទូកសង្គ្រោះ គ្រប់គោលដៅដែលរងការគំរាមកំហែងដោយទឹកជំនន់ទូទាំងខេត្តបន្ទាយមានជ័យ ដើម្បីត្រៀមលក្ខណៈ ២៤ម៉ោងលើ២៤ម៉ោង ក្នុងការសង្គ្រោះប្រជាជន ក្នុងករណីមានហេតុការណ៍ធ្ងន់ធ្ងរកើតឡើង។


ទេសរដ្ឋមន្ត្រី គន់ គីម ក៏បានកោតសសើរគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត អាជ្ញាធរមានសមត្ថកិច្ច កងកម្លាំងចម្រុះ ដែលបានអនុវត្តន៍ផែនការទប់ស្កាត់ និងដោះស្រាយបញ្ហាបណ្តាលមកពីគ្រោះទឹកជំនន់តាមសរាចរណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។



ក្នុងឱកាសនោះដែរ លោកទេសរដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍មួយចំនួនដល់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តត្រៀមបម្រុង និងមានវិធានការឆ្លេីយតបបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាពសំដៅកាត់បន្ថយបានផលប៉ះពាល់ឱ្យនៅកម្រិតទាបបំផុត ដោយផ្តោជាអាទិភាពខ្ពស់ចំពោះអាយុជីវិតមនុស្ស។


