ភ្នំពេញ៖ ក្នុងឱកាសចុះពិនិត្យស្ថានភាព ទឹកតាមសណ្តស្ទឹងព្រែកត្នោត ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ នាថ្ងៃទី២១ តុលានេះ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអះអាងថា យ៉ាងយូរពីរបីថ្ងៃទៀត ទឹកស្ទឹងព្រែកត្នោត នឹងវិលមករកសភាពធម្មតាវិញហើយ។

លោករដ្ឋមន្ត្រី បានថ្លែងឲ្យដឹងថា ស្ថានភាពទឹកស្ទឹងព្រែកតោ្នត នៅផ្នែកខាងលើក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ទឹកកំពុងស្រកចុះបណ្តើរៗ គិតត្រឹមម៉ោង ១១ព្រឹកថ្ងៃនេះ ស្ថានីយពាមឃ្លៃ ទឹកមានកម្ពស់ ៥,៣៥ម៉ែត្រ ធៀបកម្ពស់ប្រុងប្រយ័ត្ន ៧,៥០ម៉ែត្រ ចំណែកសំណង់ទ្វារទឹករលាំងជ្រៃ ទឹកមានកម្ពស់ ៧,៦៨ម៉ែត្រ ធៀបកម្ពស់ប្រុងប្រយ័ត្ន ៧,៥០ ម៉ែត្រ ខណៈទ្វារទឹកចំនួន ៥ទ្វារបានបើកកម្ពស់ ១ម៉ែត្រ។ លោករដ្ឋមន្ត្រីបញ្ជាក់ថា ទ្វារទឹកទំនប់តាសាលទាំងអស់បានបិទទាំងស្រុង ទឹកមានកម្ពស់ ១៩,១៥ម៉ែត្រ ធៀបកម្ពស់ប្រុងប្រយ័ត្ន ១៩,៥០ម៉ែត្រ។

រដ្ឋមន្ត្រីធនធានទឹក ថ្លែងយ៉ាងដូច្នេះថា «តាមការព្យាករកម្ពស់ទឹកផ្នែកខាងលើចាប់ផ្តើមស្រកជាបន្តបន្ទាប់ ដែលសន្ទុះសម្រកនេះប្រើរយៈពេលពី ១២ ទៅ៣៦ម៉ោង ទើបផ្នែកខាងក្រោមចាប់ផ្តើមស្រក។ តាមស្ថានភាពនេះយ៉ាងយូរពីរបីថ្ងៃទៀត ទឹកស្ទឹងព្រែកត្នោតនឹងវិលមករកសភាពធម្មតាវិញហើយ» ។

ឆ្លៀតក្នុងឱកាសនោះដែរលោករដ្ឋមន្ត្រី ក៏បានបន្តផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសទាំងអស់ ជាពិសេសមន្ទីរធនធានទឹក ត្រូវរួមសហការជាមួយអាជ្ញាធរក្នុងមូលដ្ឋាន បន្តការតាមដានដោយយកចិត្តទុកដាក់ និងប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត ៕


