ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង ចេញយន្តហោះចម្បាំង យ៉ាងប្រញាប់ប្រញាប់ ក្រោយយន្តហោះរុស្ស៊ី បំពានចូលដែនអាកាស

បរទេស៖ ប្រទេសកូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ បានចេញយន្តហោះចម្បាំង យ៉ាងប្រញាប់ប្រញាល់ ក្រោយមានយន្តហោះយោធារុស្ស៊ី ចំនួន៦គ្រឿង បានហោះហើរចូល ក្នុងតំបន់កំណត់ការពារដែនអាកាស កូរ៉េខាងត្បូង ជាច្រើនលើកជាច្រើនសារ កាលពីថ្ងៃអង្គារម្សិលមិញនេះ។

ទីភ្នាក់ងារសារព័ត៌មានរបស់ប្រទេសកូរ៉េខាងត្បូង ឈ្មោះ Kukmin Ilbo បានចេញនូវសេចក្តីរាយការណ៍ថា យន្តហោះរុស្ស៊ី រួមមានយន្តហោះព្រមានមុន A-50 មួយគ្រឿង យន្តហោះចម្បាំង Sukhoi SU-27 ចំនួន៣គ្រឿង យន្តហោះទម្លាក់គ្រាប់ TU-95 ចំនួន២គ្រឿង បានហោះចូលក្នុងតំបន់ កំណត់ការពារដែនអាកាស កូរ៉េខាងត្បូង នៅតំបន់សមុទ្រខាងកើត។

យោងតាមអគ្គសេនាធិការកូរ៉េខាងត្បូង យន្តហោះរុស្ស៊ី បានចាប់ផ្តើមចូលក្នុងតំបន់ការពារដែនអាកាស របស់ទីក្រុងសេអ៊ុលនោះ នៅម៉ោង៩និង២៣នាទីព្រឹក គឺយន្តហោះព្រមានមុន A-50 បានហោះចូលតំបន់កំណត់ការពារដែនអាកាស កូរ៉េខាងត្បូង នៅជិតកោះ Ulleung បន្ទាប់មក បានហោះចេញពីតំបន់ ការពារដែនអាកាស នៅម៉ោងប្រហែល៩និង៣០នាទីព្រឹក៕
ប្រែសម្រួល៖ប៉ាង កុង

To Top