ព័ត៌មានអន្តរជាតិ

ឥណ្ឌា កាត់បន្ថយការនាំចេញ ផ្នែកការពារជាតិទៅកាន់ប្រទេសតួកគី ចំពេលភាពតានតឹង ជាមួយក្រុងអង់ការ៉ា កំពុងកើនឡើង

បរទេស៖ កាសែត Economic Times បានដកស្រង់ប្រភពព័ត៌មានថា ប្រទេសឥណ្ឌាបានកាត់បន្ថយ ការនាំចេញផ្នែកការពារជាតិ របស់ខ្លួនទៅកាន់ប្រទេសតួកគី រួមទាំងគ្រឿងផ្ទុះ និងគ្រឿងផ្ទុះ ដោយសារតែកិច្ចសហប្រតិបត្តិការ យោធាកាន់តែខ្លាំងឡើង រវាងរដ្ឋាភិបាលទីក្រុង អង់ការ៉ា និងទីក្រុងអ៊ីស្លាម៉ាបាត។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ បានឱ្យដឹងថា យោងតាមប្រភពព័ត៌មាន ដែលដកស្រង់ដោយសារព័ត៌មាន Economic Times គឺ ការសម្រេចចិត្តរបស់ឥណ្ឌា ក្នុងការកាត់បន្ថយការនាំចេញ ផ្នែកការពារជាតិទៅកាន់ទីក្រុងអង់ការ៉ា វាគឺជាវិធានការបង្ការទុកជាមុន ក្នុងគោលបំណងកាត់បន្ថយហានិភ័យ ដែលឧបករណ៍ទាំងនោះនឹងត្រូវ ប្រើដើម្បីប្រឆាំងផលប្រយោជន៍ ក្នុងស្រុករបស់ឥណ្ឌា។

លើសពីនេះទៀត ប្រភពព័ត៌មានបាននិយាយថា មានលទ្ធភាពតិចតួចដែលឥណ្ឌា នឹងបន្តការនាំចេញផ្នែកការពារជាតិ ទៅកាន់ទីក្រុងអង់ការ៉ា នាពេលខាងមុខ ដោយសារតែការអត្ថាធិប្បាយ របស់ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan លើបញ្ហាកាស្មៀរ ដែលរដ្ឋាភិបាលទីក្រុងញូវដែលី បានបញ្ជាក់ម្តងហើយម្តងទៀត គឺជាបញ្ហាផ្ទៃក្នុង។

កាលពីចុងខែកញ្ញា ក្នុងសុន្ទរកថាក្នុងមហាសន្និបាត អង្គការសហប្រជាជាតិលោក Erdogan បានអំពាវនាវឱ្យមានកិច្ចពិភាក្សា រវាងឥណ្ឌានិងប៉ាគីស្ថាន លើតំបន់ដែលមានជម្លោះ នៅកាស្មៀរជាយូរមកហើយ។ ប្រទេសឥណ្ឌាបានឆ្លើយតប ដោយនិយាយថា សេចក្តីថ្លែងការណ៍ របស់ប្រធានាធិបតីតួកគី គឺមានភាពលំអៀង និងគ្មានការធានា ហើយបានប្រាប់រដ្ឋាភិបាលតួកគី ឲ្យ ស្វែងយល់ឱ្យកាន់តែស៊ីជម្រៅអំពី បញ្ហានេះដែលជាបញ្ហាផ្ទៃក្នុង របស់ឥណ្ឌានិងប៉ាគីស្ថាន។

ជាងនេះទៅទៀត កាលពីថ្ងៃច័ន្ទ នាយករដ្ឋមន្រ្តីឥណ្ឌាលោក មូឌី បានលុបចោលដំណើរទស្សនកិច្ច រយៈពេលពីរថ្ងៃទៅកាន់ប្រទេសតួកគី ថែមទៀតផង ៕

ប្រែសម្រួលៈ ណៃ តុលា

To Top