ព័ត៌មានអន្តរជាតិ

អាមេរិក ផ្អាកការធ្វើពាណិជ្ជកម្ម ដោយមិនបង់ពន្ធ សម្រាប់ទំនិញមួយ ចំនួនរបស់ថៃ ដោយសារមិន បានការពារកម្មករ

បរទេស៖ ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ កាលពីថ្ងៃសុក្រ បានផ្អាកការធ្វើពាណិជ្ជកម្មដោយមិនបង់ពន្ធសម្រាប់ទំនិញមួយចំនួនពីប្រទេសថៃ ក្នុងចំនួនទឹកប្រាក់ ១,៣ ពាន់លានដុល្លារ ឬស្មើនឹង៤០ ពាន់លានបាត ក្នុងការអនុគ្រោះផ្នែកពាណិជ្ជកម្មសម្រាប់ប្រទេសថៃ ក្រោមកម្មវិធីប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) ដោយសារអាមេរិកអះអាងថា ថៃ មិនបានចាត់វិធានការការពារសិទ្ធិកម្មករ។

យោងតាមសារព័ត៌មានថៃ បាងកកប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ បានឱ្យដឹងថា នៅក្នុងលិខិតមួយដែលបានសរសេរ ទៅកាន់ប្រធានសភា តំណាងរាស្ត្រអាមេរិកលោកស្រី Nancy Pelosi និងប្រធានព្រឹទ្ធសភា អនុប្រធានាធិបតី Mike Pence , លោក Trump បាននិយាយថា លោកបានព្យួរការធ្វើប្រព្រឹត្តកម្ម ដោយមិនគិតពន្ធលើផលិតផលថៃមួយចំនួន ពីព្រោះប្រទេសនេះមិនបានចាត់វិធានការដើម្បី “ការពារកម្មករនៅប្រទេសថៃ” ដែលជាសិទ្ធិកម្មករដែលត្រូវ បានទទួលស្គាល់ជាអន្តរជាតិ។

ការិយាល័យអ្នកតំណាង ពាណិជ្ជកម្មសហរដ្ឋអាមេរិកបាននិយាយថា ការផ្អាកនេះគឺមានចំនួនទឹកប្រាក់ ១,៣ ពាន់លានដុល្លារ ឬស្មើនឹង៤០ ពាន់លានបាត ក្នុងការអនុគ្រោះផ្នែកពាណិជ្ជកម្មសម្រាប់ប្រទេសថៃ ក្រោមកម្មវិធីប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) ។

ផ្ទាំងពាណិជ្ជកម្ម

ការផ្អាកដែលចូលជាធរមានក្នុងរយៈពេល ០៦ខែនឹងប៉ះពាល់ដល់ផលិតផលរបស់ថៃប្រហែលមួយភាគបី ដែលរាប់បញ្ចូលក្នុងកម្មវិធីពាណិជ្ជកម្ម។ ការិយាល័យអ្នកតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកបាននិយាយថា វិធានដោយគ្មានកាតព្វកិច្ចពន្ធនឹងត្រូវដកហូតវិញពីប្រទេសថៃ សម្រាប់ការនាំចេញគ្រឿងសមុទ្រទាំងអស់ ទៅកាន់សហរដ្ឋអាមេរិកដោយសារបញ្ហាការងារ៕

ប្រែសម្រួលៈ ណៃ តុលា

To Top