ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង ច្រានចោលចលនារបស់ជប៉ុន ក្នុងការដកកុមារកូរ៉េ ចេញពីកម្មវិធីអប់រំឥតគិតថ្លៃ

សេអ៊ូល៖ ប្រទេសកូរ៉េខាងជើង បានបដិសេធចំពោះប្រទេសជប៉ុន កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ចំពោះការមិនរាប់បញ្ចូលសាលាមត្តេយ្យកូរ៉េ ដែលមានទំនាក់ទំនងជិតស្និទ្ធ ជាមួយសមាគមគាំទ្រ ក្រុងព្យុងយ៉ាង របស់ប្រជាជនកូរ៉េនៅក្នុងប្រទេសជប៉ុន ពីកម្មវិធីអប់រំឥតគិតថ្លៃរបស់ខ្លួន។

ប្រទេសជប៉ុនបានធ្វើការអប់រំមត្តេយ្យ និងថែទាំកុមារដោយមិនគិតថ្លៃ សម្រាប់កុមារដែលមានអាយុ ចន្លោះពី ៣ ទៅ ៥ ឆ្នាំ។ ប៉ុន្តែមធ្យោបាយប្រហែល ៤០ ដែលជាប់ទាក់ទង ជាមួយសមាគមទូទៅ នៃប្រជាជនកូរ៉េ នៅជប៉ុន ឬឆុងរីយុន ត្រូវបានដកចេញពីអត្ថប្រយោជន៍។

ឆុងរីយុន មានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាមួយទីក្រុងព្យុងយ៉ាង ហើយត្រូវបានគេចាត់ទុកថា ជាស្ថានទូតរបស់កូរ៉េខាងជើង នៅទីក្រុងតូក្យូ។

ក្រសួងការបរទេសកូរ៉េខាងជើង បានឲ្យដឹងថា “មនោសញ្ចេតនាប្រឆាំងនឹងប្រជាជនជប៉ុន របស់យើងកំពុងតែផ្ទុះឡើង ដោយសារតែជំហរអយុត្តិធម៌ របស់រដ្ឋាភិបាលជប៉ុន ដែលទីបំផុតបានដកសាលាកុមារកូរ៉េ ចេញពីប្រព័ន្ធអប់រំទារក និងការចិញ្ចឹមអប់រំកុមារ ដោយឥតគិតថ្លៃ” ៕ ដោយ៖ ឈូក បូរ៉ា

To Top
×