ព័ត៌មានអន្តរជាតិ

ប្រេសិតនុយក្លេអ៊ែជាន់ខ្ពស់ កូរ៉េខាងត្បូង នឹងធ្វើទស្សនកិច្ច ប្រទេសរុស្ស៊ី នៅសប្ដាហ៍ក្រោយ

បរទេស៖ ប្រេសិតនុយក្លេអ៊ែជាន់ខ្ពស់ របស់ប្រទេសកូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ ទំនងជានឹងធ្វើទស្សនកិច្ចទីក្រុងមូស្គូ នៅសប្ដាហ៍ក្រោយ ដើម្បីជួបជាមួយ សមភាគីរុស្ស៊ីរបស់លោក និងពិភាក្សាគ្នាអំពីការលុបបំបាត់ នុយក្លេអ៊ែកូរ៉េខាងជើង និងបញ្ហាផ្សេងទៀត នៅលើឧបទ្វីបកូរ៉េ។

លោក លី ឌូហូន ជាតំណាងទទួលបន្ទុក កិច្ចការសន្តិភាព និងសន្តិសុខលើឧបទ្វីបកូរ៉េ នឹងជួបគ្នាជាមួយលោក Igor Morgulov នៅថ្ងៃសុក្រសប្ដាហ៍ក្រោយ ស្របពេលមានការជាប់គាំង ក្នុងកិច្ចពិភាក្សាចរចានុយក្លេអ៊ែ រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង ចាប់តាំងពីកិច្ចពិភាក្សា លំដាប់កាងារនៅក្នុងទីក្រុង Stockholm កាលពីខែមុន។

ក្រៅពីនោះ ប្រេសិតនុយក្លេអ៊ែជាន់ខ្ពស់ កូរ៉េខាងត្បូងរូបនេះ ក៏ត្រូវបានគេរំពឹងថា នឹងចូលរួមក្នុងកម្មវិធីសន្និបាត ទប់ស្កាត់នុយក្លេអ៊ែ ទីក្រុងមូស្គូ ឆ្នាំ២០១៩ រយៈពេល៣ថ្ងៃ ដែលនឹងចាប់ផ្តើម នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍ក្រោយ ហើយអាចនឹងមាន កិច្ចពិភាក្សាគ្នា ជាមួយមន្ត្រីនានា មកពីសហរដ្ឋអាមរិក និងកូរ៉េខាងជើង៕ ប្រែសម្រួល៖ប៉ាង កុង

To Top