ព័ត៌មានអន្តរជាតិ

ហុងកុង៖ ឈ្មោះគ្នារឿងនយោបាយ បុរសម្នាក់ប្រើកាំបិត ចាក់របួសមនុស្ស ៤នាក់ នៅក្នុងផ្សារទំនើប

បរទេស៖ សេចក្តីរាយការណ៍ពីប្រព័ន្ធ ផ្សព្វផ្សាយក្នុងស្រុក បានឱ្យដឹងថា យ៉ាងហោចណាស់មានមនុស្ស ៤នាក់បានរងរបួស នៅក្នុងការវាយប្រហារដោយកាំបិត នៅហុងកុង។ បើយោងតាមរបាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក គឺឧប្បត្តិហេតុនេះបានកើតឡើង នៅផ្សារទំនើបស៊ីធីផ្លាហ្សា នៅក្នុងសង្កាត់ តៃកូ ក្នុងទីក្រុងហុងកុង។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា អ្នកវាយប្រហារត្រូវបាន បង្ក្រាបដោយមនុស្សនៅក្នុងផ្សារ។ ឈ្មោះរបស់គាត់ មិនទាន់ត្រូវបានចេញផ្សាយនៅឡើយទេ។

យោងតាមប្រភពខ្លះ គឺសមាជិកក្រុមប្រឹក្សាសង្កាត់ម្នាក់ ស្ថិតក្នុងចំណោមអ្នករងរបួស។

បើតាមកាសែត South China Morning Post បានផ្សាយថា ឧប្បត្តិហេតុនេះបានកើតឡើង បន្ទាប់ពីអ្នកវាយប្រហារបានឈ្លោះ ជាមួយក្រុមគ្រួសារមួយ ជុំវិញបញ្ហានយោបាយ។ យោងតាមកាសែត សមាជិកក្រុមប្រឹក្សាសង្កាត់ គឺលោក Andrew Chiu Ka-yin បានរបួស ស្ទើរដាច់ស្លឹកត្រចៀកអំឡុងពេលមានជម្លោះនោះ។ លោកត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ Pamela Youde Nethersole Eastern នៅតំបន់ ឆៃវ៉ាន៕

ប្រែសម្រួលៈ ណៃ តុលា

To Top