ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្រ្តី ង្វៀនស៊ុនហ្វុក ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ចំពោះគ្រួសារជនរងគ្រោះវៀតណាម ស្លាប់ក្នុងសោកនាដកម្ម នៅអង់គ្លេស

បរទេស៖ លោក ង្វៀន ស៊ុនហ្វុក នាយករដ្ឋមន្រ្តីវៀតណាម បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ចំពោះក្រុមគ្រួសារជនរងគ្រោះវៀតណាម ក្នុងសោកនាដកម្មស្លាប់ក្នុងឡានដឹកទំនិញ នៅចក្រភពអង់គ្លេស។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា លោក ង្វៀន បានណែនាំដល់ក្រសួងសន្តិសុខសាធារណៈ និងក្រសួងការបរទេស ឱ្យបញ្ជូនមន្រ្តីទៅចក្រភពអង់គ្លេស ដើម្បីធ្វើការជាមួយអាជ្ញាធរ មូលដ្ឋានលើបញ្ហានេះ។

លោក ង្វៀន ក៏បានបញ្ជាឱ្យអាជ្ញាធរ នៅប្រទេសវៀតណាមផ្តល់ការគាំទ្រដល់ ក្រុមគ្រួសារជនរងគ្រោះដើម្បីជួយ ពួកគេក្នុងការដោះស្រាយការបាត់បង់នេះ។

ឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំ នៅវៀតណាមលោក Gareth Ward កាលពីថ្ងៃសៅរ៍បានចែករំលែកគំនិត និងសម្តែងការចូលរួមរំលែកទុក្ខនៅក្នុងវីដេអូ នៅលើទំព័រហ្វេសប៊ុក របស់ស្ថានទូតផងដែរ។

គាត់បាននិយាយជាភាសាវៀតណាមថា «ក្នុងនាមជាឪពុក បងប្រុស ប្តី និងកូន ខ្ញុំមិនអាចនឹកស្មានថា វាជាអ្វីដែលត្រូវបាត់បង់មនុស្សជាទីស្រលាញ់ របស់អ្នកតាមរបៀបនេះនោះទេ» ។

សូមជម្រាបថា ប៉ូលីសក្នុងតំបន់ Essex ចក្រភពអង់គ្លេសបាននិយាយថា ពួកគេជឿថាមនុស្ស ៣៩នាក់ដែលត្រូវបានរកឃើញ នៅក្នុងរថយន្តកុងតឺន័រដែលមានទូទឹកកក កាលពីខែមុនគឺជាជនជាតិវៀតណាម។

ស្ថានទូតវៀតណាមប្រចាំនៅអង់គ្លេស កំពុងសម្របសម្រួលជាមួយអាជ្ញាធរ ពាក់ព័ន្ធក្នុងប្រទេសទាំងពីរ ដើម្បីជួយក្រុមគ្រួសារជនរងគ្រោះ យកសាកសពទៅផ្ទះ ៕

ប្រែសម្រួលៈ ដើមអម្ពិល

To Top