ព័ត៌មានអន្តរជាតិ

បំផ្ទុះរថយន្តនៅក្រុង ភាគខាងជើងស៊ីរី ដែលគ្រប់គ្រង ដោយកងកម្លាំងតួកគី ស្លាប់មនុស្ស១៣នាក់

បរទេស: ក្រសួងការពារជាតិតួកគី នៅថ្ងៃអាទិត្យ ទី៣ ខែវិច្ឆិកានេះ បាននិយាយថា គ្រាប់បែកក្នុងរថយន្តមួយ បានផ្ទុះនៅភាគខាងជើងប្រទេសស៊ីរី នៅតាមបណ្តោយព្រំដែន ជាមួយប្រទេសតួកគីកាលពីថ្ងៃសៅរ៍ បានសម្លាប់មនុស្ស សរុបទៅដល់១៣នាក់។

ក្រសួងបានបញ្ជាក់ដែរថា មនុស្សប្រមាណក្រៅពីនោះ មនុស្ស២០នាក់ផ្សេងទៀត បានរងរបួសនៅពេល ដែលគ្រាប់បែកបានផ្ទុះ នៅកណ្តាលតំបន់Tal Abyad ដែលកាលពីខែមុន ត្រូវកាន់កាប់បាន ដោយក្រុមកងកម្លាំងដែលគាំទ្រ ដោយរដ្ឋាភិបាលតួកគី ពីក្រុមអ្នកប្រយុទ្ធដឹកនាំ ដោយក្រុមឧទ្ទាមឃឺដ។

ក្រសួងក៏បានចេញសេចក្តីថ្លែងការណ៍ បន្ទោសទៅលើក្រុមអ្នកប្រយុទ្ធឃឺដ ចំពោះការវាយប្រហារនេះ ដោយនិយាយថា រដ្ឋាភិបាលស៊ីរីនឹងថ្កោលទោសយ៉ាងខ្លាំង ចំពោះហេតុការណ៍នេះ និងបានអំពាវនាវសហគមន៍អន្តរជាតិ ឱ្យប្រកាន់ជំហរប្រឆាំងនឹងអង្គការភេរវកម្ម បែបសាហាវព្រៃផ្សៃមួយនេះ។

ជាការឆ្លើយតបអ្នកនាំពាក្យ កម្លាំងដឹកនាំឃឺដនៅស៊ីរី លោកMustafa Bali បានស្តីបន្ទោសទៅលើតួកគី ចំពោះការផ្ទុះនេះ ដោយនិយាយថា តួកគីនិងក្រុមអ្នកប្រយុទ្ធស៊ីរី ដែលខ្លួនគាំទ្រឥឡូវនេះ កំពុងបង្កើតភាពវឹកវរនៅក្នុងតំបន់Tal Abyad ដើម្បីធ្វើយ៉ាងជម្រុញ និងផ្លាស់ទីលំនៅពលរដ្ឋឃឺដ ដែលរស់នៅក្នុងក្រុងនេះចេញ៕

ប្រែសម្រួល:ស៊ុនលី

To Top
×