ព័ត៌មានអន្តរជាតិ

ជប៉ុនជំរុញ ឱ្យឥណ្ឌាគិតឡើងវិញ លើការសម្រេចចិត្តចាកចេញពី RCEP ដែលដឹកនាំដោយប្រទេសចិន

ញូដេលី៖ យោងតាមសេចក្តីថ្លែងការណ៍មួយ ដែលបានធ្វើឡើង នៅក្នុងកិច្ចប្រជុំកំពូលលើកទី ៣ នៃភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ប្រទេសឥណ្ឌានឹងមិនចូលរួម ជាមួយរដ្ឋចំនួន ១៥ ផ្សេងទៀត នៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំមួយ ដែលគាំទ្រដោយប្រទេសចិននោះទេ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា មួយថ្ងៃបន្ទាប់ពី លោកនាយករដ្ឋមន្រ្តីឥណ្ឌា ណារិនដ្រា មូឌី បានប្រកាសការសម្រេចចិត្ត មិនចូលរួមភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលដឹកនាំដោយប្រទេសចិនមកនោះ ប្រទេសជប៉ុនបានជំរុញ ឱ្យឥណ្ឌាពិចារណាឡើងវិញ នូវការសម្រេចចិត្តរបស់ខ្លួន ហើយវិលត្រឡប់មកក្រុមនេះវិញ។

លោក Hiroshi Kajiyama រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មជប៉ុន បាននិយាយថា « ប្រទេសជប៉ុននឹងបន្តដើរតួនាទី ឈានមុខឆ្ពោះទៅរក កិច្ចព្រមព្រៀងដំបូងរបស់ប្រទេសទាំង ១៦ រួមទាំងប្រទេសឥណ្ឌា និងសម្រាប់ការចុះហត្ថលេខា លើកិច្ចព្រមព្រៀងនេះនៅចុងឆ្នាំ ២០២០»។

ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ក្នុងតំបន់ដឹកនាំដោយចិន មើលទៅលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងប្រទេសចំនួន ៦ ផ្សេងទៀត៕ ប្រែសម្រួលៈ ដើមអម្ពិល

To Top