ព័ត៌មានអន្តរជាតិ

សង្គ្រាមពាណិជ្ជកម្ម ចិន-អាមេរិក ហុចផលប្រយោជន៍ ឱ្យយក្សឥណ្ឌា និងប្រទេសផ្សេងទៀត

ញូដេលី៖ របាយការណ៍ របស់អង្គភាពពាណិជ្ជកម្ម និងវិនិយោគ របស់អង្គការសហប្រជាជាតិ (UNCTAD) បានបង្ហាញថា សង្គ្រាមពាណិជ្ជកម្ម ដែលកំពុងកើតឡើងរវាងចិន និងសហរដ្ឋអាមេរិក បានបណ្តាលឱ្យមាន ការបង្វែរពាណិជ្ជកម្មផលចំណេញ ទៅឱ្យកោះ តៃវ៉ាន់ ម៉ិចស៊ិក សហភាពអឺរ៉ុប ឥណ្ឌា និងប្រទេសវៀតណាម។ របាយការណ៍នេះបាននិយាយថា ចំណែករបស់ឥណ្ឌា ទោះបីជាមានចំនួនតិចក៏ដោយ គឺនៅតែមានចំនួន ៧៥៥ លានដុល្លារអាមេរិក។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា កោះតៃវ៉ាន់គឺជាអ្នកទទួលផលធំជាងគេ ដែលមានទឹកប្រាក់ជិត ៤,២ ពាន់លានដុល្លារនៅឆមាសទីមួយនៃឆ្នាំ ២០១៩ ។ ការកើនឡើងនៃការនាំចេញ របស់ម៉ិចស៊ិកទៅកាន់សហរដ្ឋអាមេរិក ដោយសារការដំឡើងពន្ធលើប្រទេសចិន ត្រូវបានគេនិយាយថា មានចំនួនប្រហែល ៣,៥ ពាន់លានដុល្លារ ខណៈដែលសហភាពអឺរ៉ុប មានចំនួនប្រមាណ ២,៧ ពាន់លានដុល្លារ។

ការនាំចេញសំខាន់ៗ ពីប្រទេសឥណ្ឌារួមមាន ទំនិញកសិកម្ម សារធាតុគីមី ឧបករណ៍ទំនាក់ទំនង គ្រឿងម៉ាស៊ីនអគ្គិសនី គ្រឿងសង្ហារិម លោហៈ និងរ៉ែគ្រឿងម៉ាស៊ីនការិយាល័យ ឧបករណ៍សំភារៈវាយនភ័ណ្ឌ និងសម្លៀកបំពាក់គ្រឿងបរិក្ខារដឹកជញ្ជូន និងទំនិញដទៃទៀត ដែលគិតជាទឹកប្រាក់សរុបប្រមាណ ៧៥៥ លានដុល្លារ៕ ប្រែសម្រួលៈ ណៃ តុលា

To Top