QUEZON CITY៖ ព្រឹទ្ធសភាជិក ដែលត្រូវបានឃុំឃាំង គឺលោកស្រី Leila de Lima នៅថ្ងៃសៅរ៍ បានធ្វើការថ្កោលទោស ចំពោះចំណាត់ ការរបស់លោក ប្រធានាធិបតី លោក រ៉ូឌ្រីហ្គោ ឌូទ័រតេ ដើម្បីរារាំង ការបន្តសិទ្ធិដំណើរការ របស់ប្រព័ន្ធផ្សព្វផ្សាយដ៏ធំគឺ ABS-CBN ។
យោងតាមសារព័ត៌មាន Philstar ចេញផ្សាយ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា សមាជិកព្រឹទ្ធសភារូបនេះ បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍ មួយថា “ ការបិទប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ដើម្បីសងសឹក លក្ខណៈផ្ទាល់ខ្លួន និងនយោបាយ គឺមិនមានកន្លែងនៅក្នុងសង្គមសេរី ប្រជាធិបតេយ្យនិងយុត្តិធម៌ទេ” ។
ច្បាស់ណាស់ ការវាយប្រហាររបស់ ប្រធានាធិបតីទៅលើសារព័ត៌មាន Rappler និង Inquirer ហើយថ្មីៗនេះការគំរាមជាថ្មីរបស់លោក ពីការរារាំងសិទ្ធិអាជីវកម្មរបស់ ABS-CBN គឺជាផ្នែកមួយនៃការបង្ក្រាបដោយឥតលាក់លៀម របស់របបលោក ការឃោសនាកាន់តែទូលំទូលាយ និងព័ត៌មានមិនត្រឹមត្រូវប្រឆាំងនឹងប្រព័ន្ធផ្សព្វផ្សាយ មេដឹកនាំប្រឆាំង និង អង្គការដែលរិះគន់និងជំទាស់នឹងប្រព័ន្ធផ្សព្វផ្សាយ និងគោលនយោបាយកោង និងឃោរឃៅរបស់លោក។
សិទ្ធិអាជីវកម្មរបស់ ABS-CBN នឹងផុតកំណត់នៅថ្ងៃទី ៣០ ខែមីនាឆ្នាំ ២០២០ បន្ទាប់ពីនោះ គឺសេវាកម្មផ្សាយរបស់ខ្លួននឹង បញ្ឈប់ប្រតិបត្តិការ។
កាលពីដើមសប្តាហ៍នេះលោក ឌូទ័រតេ បាននិយាយថា លោកបានប្តេជ្ញាចិត្តមិនផ្តល់ការបន្តសិទ្ធិអាជីវកម្មរយៈពេល ២៥ ឆ្នាំរបស់ ABS-CBN ទៀតនោះទេ។
លោក ឌូទ័រតេ បានរិះគន់ ABS-CBN ម្តងហើយម្តងទៀតចំពោះ ការមិនបម្រើការ ឲ្យ គាត់។ ប៉ុន្តែការពិតគឺថា ABS-CBN មានសេវាសាធារណៈរយៈពេល ៦៥ ឆ្នាំដល់ប្រជាជនហ្វីលីពីនរួមទាំងប្រយុទ្ធជាមួយជនផ្តាច់ការ៕ ប្រែសម្រួលៈ ណៃ តុលា