ព័ត៌មានអន្តរជាតិ

ប្រេស៊ីល បញ្ជូននាវា និងយន្តហោះដើម្បី រុករកយន្តហោះ បាត់ខ្លួន របស់ប្រទេសឈីលី

រីយ៉ូ ឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ថា រដ្ឋាភិបាលប្រេស៊ីល បានឲ្យដឹងកាលពី ថ្ងៃអង្គារថា រដ្ឋាភិបាលបានបញ្ជូននាវា១គ្រឿង និងយន្តហោះយោធាចំនួន១គ្រឿង ទៅកាន់អង់តាក់ទិក ដើម្បីជួយស្វែងរកយន្តហោះ របស់ប្រទេស ឈីលី១គ្រឿង ដែលបានបាត់ការទាក់ទងគ្នា កាលពីថ្ងៃចន្ទ ជាមួយនឹងអ្នកនៅ លើយន្តហោះ៣៨នាក់ ។

នៅក្នុងសេចក្តីថ្លែងការណ៍ មួយចេញដោយក្រសួងការបរទេស ប្រេស៊ីល ក៏បានគូសបញ្ជាក់ថា រដ្ឋាភិបាល “មានក្តីអាណិតអាសូរ និងចូលរួមរំលែក ជាមួយពលរដ្ឋ និងរដ្ឋាភិបាលនៃប្រទេសឈីលី រួមទាំងកងកម្លាំងទ័ព អាកាសរបស់ឈីលី ដែលមាន យន្តហោះ Hercules C-130 បានបាត់ដំណឹង ឈឹងដូច្នេះ” ។

គេបានដឹងថា អ្នកនៅលើយន្តហោះនោះមានអ្នកដំណើរ ចំនួន២១នាក់ និង១៧នាក់ជាសមាជិក នៃសហសេវឹក នៅលើ យន្តហោះនោះ ។

សូមបញ្ជាក់ថា យន្តហោះនោះបាត់ ការទាក់ទងគ្នា ក្នុងចម្ងាយប្រមាណ ៧០០គីឡូម៉ែត្រ ពីតំបន់ Punta Arenas និងចម្ងាយ៥០០គីឡូម៉ែត្រ ពីដែនកោះរម្មនីយដ្ឋាន របស់ខ្លួន ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top