ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលវៀតណាម នឹងបង្កើនជំនួយ ទៅឱ្យប្រទេសឡាវ នៅឆ្នាំ២០២០

ហាណូយ៖ ប្រទេសវៀតណាម មានឆន្ទៈបញ្ជូនអ្នកជំនាញ មកគាំទ្រប្រទេសឡាវជាពិសេស ក្នុងគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច។ នេះបើតាមលោក ង្វៀន ស៊ុនហ្វុក នាយករដ្ឋមន្ត្រីវៀតណាម បានថ្លែងក្នុងពិធីទទួលលោក Sonsay Siphandone ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងផែនការ និងវិនិយោគ របស់ប្រទេសឡាវ កាលពីថ្ងៃអង្គារ។

យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយកាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងដោយផ្អែកតាម ការលើកឡើងរបស់លោក ង្វៀន ស៊ុនហ្វុកថា រដ្ឋាភិបាលវៀតណាមបាន ដាក់សំណើទៅរដ្ឋសភារួចហើយ ដើម្បីបង្កើនជំនួយសម្រាប់ ប្រទេសឡាវនៅឆ្នាំក្រោយ។ លោកបន្តថា រដ្ឋាភិបាលនឹងផ្តល់ជំនួយកាន់តែប្រសើរ និងពង្រឹងការបណ្តុះបណ្តាល ដល់និស្សិតឡាវ។

នាយករដ្ឋមន្រ្តីវៀតណាមរូបនេះបានកត់សម្គាល់ថា កិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងឡាវ នៅឆ្នាំ ២០១៩ ត្រូវបានបង្កើនដោយកត់សំគាល់ ពាណិជ្ជកម្មទ្វេភាគីដែលកំពុងកើនឡើង។

វៀតណាម តែងតែផ្តល់អាទិភាព ដល់ជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) សម្រាប់ប្រទេសឡាវ ដោយលោកបាននិយាយថា ក្រសួងនិងតំបន់របស់វៀតណាមជាច្រើន ជាពិសេសអ្នកដែលបានចែករំលែក ព្រំដែនជាមួយប្រទេសឡាវ បានបង្កើនកិច្ចសហប្រតិបត្តិការ។

សមិទ្ធិផលគួរឱ្យកត់សំគាល់បំផុត នៃទំនាក់ទំនងទ្វេភាគីនាពេលបច្ចុប្បន្ន គឺគម្រោងកសាងរដ្ឋសភាជាតិឡាវ។

ទាក់ទងនឹងថាមពលវិញ វៀតណាមនឹងទិញអគ្គិសនី បន្ថែមទៀតពីប្រទេសឡាវ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top