ព័ត៌មានអន្តរជាតិ

សាលារៀននៅក្រុងហាណូយ ប្រឈមមុខនឹងការបិទទ្វារ ប្រសិនបើគុណភាពខ្យល់ ឡើងដល់៣០០

ហាណូយ៖ អាជ្ញាធរក្រុង បានប្រកាសកាលពីថ្ងៃពុធ ថា សាលាមត្តេយ្យ និងសាលាបឋមសិក្សា នៅទីក្រុង ហាណូយ នឹងត្រូវបិទទ្វារ ប្រសិនបើសន្ទស្សន៍គុណភាពខ្យល់ (AQI) កើនដល់ ៣០០ ឬលើសនេះ ដែលស្មើនឹងកម្រិតគ្រោះថ្នាក់។

យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា គណៈកម្មាធិការប្រជាជនក្រុង ហាណូយ កាលពីថ្ងៃពុធបានចេញសេចក្តីណែនាំលេខ ១៩ ស្តីពីការដោះស្រាយ ការបំពុលបរិយាកាស និងការកែលម្អ AQI ដែលផ្តោតលើការរឹតបន្តឹង ការគ្រប់គ្រងលើភ្នាក់ងារបំពុលបរិស្ថាន និងលើកកម្ពស់ការយល់ដឹង អំពីការការពារបរិស្ថាន និងការប្រែប្រួលអាកាសធាតុ។

កំរិត AQI សម្រាប់ការបិទសាលារៀន នឹងត្រូវបានកំណត់ ដោយផ្អែកលើទិន្នន័យ ដែលប្រមូលដោយមន្ទីរធនធានធម្មជាតិ និងបរិស្ថានហាណូយ។

ដំណើរការពី ០ ទៅ ៥០០ AQI បង្ហាញពីកម្រិត នៃការបំពុលបរិយាកាស និងផលប៉ះពាល់ ដល់សុខភាពសាធារណៈ។ កុមារ មនុស្សចាស់ និងអ្នកដែលមានជំងឺផ្លូវដង្ហើម ចាប់ផ្តើមទទួលរងផលប៉ះពាល់សុខភាព នៅពេលដែល AQIឈានដល់ ១០០ ។

យោងតាមអង្គការសុខភាពពិភពលោក កុមារចំនួន ៧ លាននាក់ បានស្លាប់ដោយសារជំងឺ ដែលទាក់ទងនឹងការបំពុលខ្យល់ ក្នុងមួយឆ្នាំ ខណៈដែល ៩ នាក់ក្នុងចំណោម ១០ នាក់ដែលដកដង្ហើម មិនមានសុខភាពល្អ សម្រាប់មនុស្ស នៅទូទាំងពិភពលោក៕ ប្រែសម្រួលៈ ណៃ តុលា

To Top