ព័ត៌មានអន្តរជាតិ

អត្រាគ្មានការងារធ្វើ នៅប្រទេសជប៉ុន ធ្លាក់ចុះដល់ ២,២ភាគរយ ក្នុងខែវិច្ឆិកា

ក្រុងតូក្យូ៖ ទិន្នន័យរបស់រដ្ឋាភិបាលបានបង្ហាញថា អត្រាអ្នកគ្មាការងារធ្វើរបស់ជប៉ុន បានធ្លាក់ចុះ ហើយអត្រាការងារមានស្ថេរភាព នៅក្នុងខែវិច្ឆិកា យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។

តួលេខពីក្រសួងកិច្ចការផ្ទៃក្នុង និងគមនាគមន៍បានបង្ហាញថា អត្រាគ្មានការងារធ្វើ ដែលបានកែតម្រូវតាមរដូវកាល បានធ្លាក់ចុះដល់ ២,២ភាគរយក្នុងខែវិច្ឆិកាពី ២,៤ភាគរយក្នុងខែមុន នោះបើប្រៀបធៀប ទៅនឹងការព្យាករណ៍ទីផ្សារជាមធ្យម ២,៤ភាគរយ។

ទិន្នន័យរបស់ក្រសួងការងារ បានបង្ហាញថា អនុបាតការងារ និងអ្នកដាក់ពាក្យស្នើសុំមានចំនួន ១,៥៧ ក្នុងខែវិច្ឆិកា ដែលស្របនឹងការព្យាករណ៍ ជាមធ្យមរបស់អ្នកសេដ្ឋកិច្ច។

ទន្ទឹមនឹងនេះដែរ ទិន្ន័យរបស់រដ្ឋាភិបាលបានបង្ហាញថា ក្នុងពេលជាមួយគ្នានេះដែរ ទិន្នផលរោងចក្របានធ្លាក់ចុះ ០,៩ភាគរយ ក្នុងខែវិច្ឆិកា ដែលទាបជាងការព្យាករណ៍ទីផ្សារមធ្យម សម្រាប់ការធ្លាក់ចុះ ១,៤ភាគរយ។

ទិន្នន័យបានបង្ហាញថា អ្នកផលិតដែលត្រូវបានស្ទង់មតិ ដោយក្រសួងសេដ្ឋកិច្ចពាណិជ្ជកម្ម និងឧស្សាហកម្មរំពឹងថា ទិន្នផលនឹងកើនឡើង ២,៨ភាគរយនៅក្នុងខែធ្នូ និងកើនឡើង ២,៥ភាគរយនៅក្នុងខែមករា៕ ដោយ៖លី ភីលីព

To Top