ព័ត៌មានអន្តរជាតិ

មីស៊ីលធ្លាក់ ក្នុងទីក្រុងបាដាដ ក្បែរ ស្ថានទូតអាមេរិក

បរទេស៖ប្រភពយោធាអ៊ីរ៉ាក់ និយាយប្រាប់ថា យ៉ាងហោចណាស់ មានគ្រាប់ មីស៊ីលមួយគ្រាប់ បានធ្លាក់ នៅក្បែរស្ថានទូត សហរដ្ឋអាមេរិក ក្នុងទីក្រុងបាដាដ កាលពីថ្ងៃសៅរ៍ ម្សិលមិញនេះ នេះបើតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយកាសែត UPI នៅរាត្រីថ្ងៃទី៤ ខែមករា ឆ្នាំ២០២០។

ប៉ុន្តែមិនមានការរាយការណ៍ ថាមានអ្នករងគ្រោះនៅក្នុង ការវាយប្រហារដោយមីស៊ីល ដែលត្រូវបានបាញ់ប្រហារ ក្រោយមានមនុស្សរាប់ពាន់នាក់ ប្រមូលផ្តុំគ្នាចូលរួមពិធីបុណ្យ សពនាយឧត្តមសេនីយ៍អ៊ីរ៉ង់ លោក Qassem Soleimani នៅក្នុងរាត្រីថ្ងៃសៅរ៍។

គួរបញ្ជាក់ថា មានប្រភពជាច្រើនបានរាយការណ៍ អំពីការវាយប្រហារនោះ ប៉ុន្តែចំនួនមីស៊ីលដែលធ្លាក់នៅក្បែរស្ថានទូតនោះ មិនត្រូវបានគេបញ្ជាក់ប្រាប់ឲ្យច្បាស់នោះទេ ហើយសេចក្តីរាយការណ៍ បាននិយាយខុសៗគ្នា ស្តីពីទីតាំងជាក់លាក់នៃការវាយប្រហារនោះ៕ ប្រែសម្រួល៖ប៉ាង កុង

To Top