បរទេស ៖ ប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកមិនរំពឹងថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នឹងក្បត់សន្យាលោក ស្តីពីការលុបបំបាត់ អាវុធនុយក្លេអ៊ែ ប៉ុន្តែលោកបានទទួលស្គាល់ថា មេដឹកនាំកូរ៉េខាងជើង ប្រហែលអាចដែរ ។
ក្នុងខណៈធ្វើដំណើរវិលត្រឡប់ ទៅទីក្រុងវ៉ាស៊ីនតោនវិញ បន្ទាប់ពីស្នាក់នៅក្នុងរដ្ឋផ្លរីដា អស់រយៈពេលចំនួនពីរសប្ដាហ៍ នៅលើយន្តហោះ Air Force One លោក ត្រាំ បាននិយាយប្រាប់អ្នកសារព័ត៌មានថា “ខ្ញុំមិនគិតថា លោក (គីម ជុងអ៊ុន) នឹងក្បត់ពាក្យសម្តីដែលនិយាយជាមួយខ្ញុំទេ ប៉ុន្តែលោកក៏ប្រហែលជានឹងអាច” ។
គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុន លោក គីម ជុងអ៊ុន បាននិយាយថា គ្មានមូលដ្ឋានឲ្យទីក្រុងព្យុងយ៉ាងប្រកាន់ខ្ជាប់ ចំពោះការផ្អាកប្រកាសតែដោយខ្លួនឯង លើការតេស្តមីស៊ីលផ្លោងឆ្លងទ្វីប និងគ្រាប់បែកនុយក្លេអ៊ែនោះទេ និងថា អាវុធយុទ្ធសាស្ត្រថ្មីមួយ នឹងត្រូវបានចេញបង្ហាញខ្លួន នៅក្នុងពេលអនាគតខាងមុខដ៏ខ្លី៕
ប្រែសម្រួល៖ប៉ាង កុង