ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង បញ្ជូនប្រេសិតនុយក្លេអ៊ែរទៅអាមេរិក ដើម្បីពិភាក្សា បញ្ហាកូរ៉េខាងជើង

សេអ៊ូល៖ ក្រសួងការបរទេស របស់ទីក្រុងសេអ៊ូល បានឲ្យដឹងនៅថ្ងៃអង្គារនេះថា ប្រេសិតនុយក្លេអ៊ែរកំពូល របស់ប្រទេសកូរ៉េខាងត្បូង នឹងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក នៅសប្តាហ៍នេះ ដើម្បីពិភាក្សាជាមួយសមភាគីអាមេរិក របស់លោក ចំពេលមានភាពជាប់គាំងយូរ នៅក្នុងការចរចា ជាមួយប្រទេសកូរ៉េខាងជើង។

លោក Lee Do-hoon តំណាងពិសេស ទទួលបន្ទុកកិច្ចការសន្តិភាព និងសន្តិសុខនៅឧបទ្វីបកូរ៉េ នឹងចាកចេញទៅទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃពុធនេះ ហើយគ្រោងនឹងជួបជាមួយ អនុរដ្ឋលេខាធិការក្រសួងការបរទេស លោក Stephen Biegun ដែលជាប្រមុខការទូតអាមេរិក ក្នុងការចរចាជាមួយកូរ៉េខាងជើង។

ក្រសួងបានឲ្យដឹងថា ការពិភាក្សារបស់អ្នកទាំងពីរ នឹងផ្តោតលើការចែករំលែកការវាយតម្លៃ លើស្ថានភាពចុងក្រោយនៅឧបទ្វីបកូរ៉េ និងវិធីដើម្បីដឹង អំពីការរំសាយអាវុធនុយក្លេអ៊ែរពេញលេញ និងសន្តិភាពយូរអង្វែង នៅលើឧបទ្វីបនេះ៕ ដោយ ៖ ឈូក បូរ៉ា

To Top
×