ព័ត៌មានអន្តរជាតិ

រុស្ស៊ីបង្កើន ការត្រួតពិនិត្យ និងបិទច្រកព្រំដែនចិន ជុំវិញការភ័យខ្លាច ពីវីរុសថ្មី

បរទេស៖ តំបន់នៅភាគខាងកើត របស់ប្រទេសរុស្ស៊ី តាមសេចក្តីរាយការណ៍ បានបិទច្រកព្រំដែននានា ដែលជាប់នឹង ប្រទេសចិន រហូតដល់ថ្ងៃទី០៧ ខែកុម្ភៈ ស្របពេល មានការភ័យខ្លាច អំពីការរីករាលដាល នៃវីរុសកូរ៉ូណា ដែលកំពុងតែវាយប្រហារខ្លាំង នៅក្នុងប្រទេសចិន។

នៅក្នុងទីក្រុងមូស្គូ អាជ្ញាធរបាននិយាយថា ពួកគេបានដាក់ប្រព័ន្ធ សុវត្ថិភាពពិសេស នៅតាមសណ្ឋាគារ និងតំបន់ទេសចរណ៍នានា ស្របពេលដែលចំនួន ការស្លាប់ បណ្ដាលមកពីវីរុស ស្រដៀងជម្ងឺផ្ដាសាយធំ បានកើនឡើងដល់១០៦នាក់ នៅក្នុងប្រទេសចិន និងអ្នកឆ្លងវីរុសនេះ ត្រូវបានគេបញ្ជាក់ថា មានចំនួនជាង៤.៥០០នាក់។

គួរបញ្ជាក់ថា រហូតមកទល់ ពេលបច្ចុប្បន្ននេះ ប្រទេសរុស្ស៊ី មិនទាន់មាន ករណីវីរុសថ្មីនេះណាមួយត្រូវបានគេ បញ្ជាក់រកឃើញនោះទេ ប៉ុន្តែបានធ្វើការត្រួតត្រា ជើងហោះហើរ ប្រចាំថ្ងៃមួយចំនួន ទៅទីក្រុងចិននានា ហើយអភិបាលក្រុង លោក Sergei Sobyanin បានសរសេរលើ គេហទំព័ររបស់លោកថា “យើងបានការគ្រប់គ្រង យ៉ាងពិសេសលើសណ្ឋាគារ និងទីកន្លែងផ្សេងៗទៀត ដែលភ្ញៀវទេសចរ ប្រមូលផ្តុំគ្នា”៕

ប្រែសម្រួល៖ប៉ាង កុង

To Top