ព័ត៌មានអន្តរជាតិ

ចាប់ខ្លួនបុរសម្នាក់ ដែលមានផែនការ ធ្វើឃាតប្រធានាធិបតី អាមេរិកលោកត្រាំ

បរទេស ៖ The Businessinsider នៅថ្ងៃចន្ទទី១០ ខែកុម្ភៈ បានឲ្យដឹងថា បុរសម្នាក់ ដែលមានអាយុ២៥ឆ្នាំ ត្រូវបានចាប់ខ្លួនភ្លាមៗ នៅឯខាងក្រៅបរិវេណ នៃអគារសេតវិមានអាមេរិក បន្ទាប់ពីរូបគេបានធ្វើការ គម្រាមកំហែង ក្នុងការធ្វើឃាតប្រធានាធិបតី អាមេរិកលោកដូណាល់ត្រាំ។

ប៉ុន្តែក្រោយការចាប់ខ្លួន គេសង្ស័យថា បុរសដែលមានឈ្មោះថាRoger Hedgpethរូបនេះ អាចជាមនុស្ស ដែលមានបញ្ហាខួរក្បាល ដូច្នេះក្រុមប៉ូលីសបានធ្វើការបញ្ជូនរូបគេ ទៅកាន់មន្ទីរពេទ្យ ដើម្បីពិនិត្យមើលជាមុនសិន ។ Hedgpethមុនការចាប់ខ្លួន បានដើរទៅប្រាប់ក្រុមមន្ត្រីពិសេស របស់សេតវិមានថា រូបគេមានផែនការសម្លាប់លោកត្រាំ ដោយប្រើប្រាស់កាំបិត ។

គួរឲ្យដឹងដែរថា កន្លងមកច្រើនឆ្នាំចុងក្រោយនេះ សន្តិសុខ នៅសេតវិមានត្រូវបានធ្វើការរឹតបន្តឹងជាងមុន ដោយសារហេតុការណ៍ផ្លោះ របងបរិវេណអគារដោយជោគជ័យ ជាច្រើនតែងតែបានកើតឡើង ហើយក្នុងនោះមានករណីមួយ កាលពីឆ្នាំ២០១៤ ដែលបុរសម្នាក់បានលួចចូលទៅដល់ទីតាំង ដែលប្រធានាធិបតីរស់នៅទៀតផង៕

ប្រែសម្រួល៖ស៊ុនលី

To Top