ព័ត៌មានអន្តរជាតិ

ជប៉ុន លុបចោលការប្រារព្វ ពិធីសាធារណៈ សម្រាប់ថ្ងៃកំណើត របស់ព្រះចៅអធិរាជ អំឡុងពេលការរីករាលដាល វីរុសកូរ៉ូណា

បរទេស៖ ប្រទេសជប៉ុន បានដាក់នាវា ទេសចរណ៍ Diamond Princes ដែលមានផ្ទុកអ្នកដំណើរ ៣៧០០ នាក់ ឱ្យនៅដាច់ដោយឡែកពីគេ នៅលើកោះយូកូហាម៉ា។ យោងតាមទិន្នន័យ ចុងក្រោយ មានមនុស្សរហូតដល់ ៣៥៥នាក់ បានឆ្លងមេរោគ រលាកសួត បង្កឡើងដោយ វីរុសកូរ៉ូណា ឬ Covid-19 នៅលើនាវា ដូច្នេះមានប្រទេសជាច្រើន កំពុងព្យាយាមជម្លៀស ជនជាតិរបស់ពួកគេ ចេញពីនាវាទេសចរណ៍នេះ ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា អាជ្ញាធរជប៉ុន បានលុបចោល ពិធីអបអរសាទរ ជាសាធារណៈសម្រាប់ ថ្ងៃកំណើត របស់ព្រះចៅអធិរាជ ណារុ ហ៊ីតូ ដោយសារតែ ការរីករាលដាលនៃវីរុសឆ្លងនេះ។

ទីភ្នាក់ងារ គ្រួសារអធិរាជ បាននិយាយថា «ដោយមើលឃើញ ពីស្ថានភាពផ្សេងៗ យើងបានសំរេចចិត្ត លុបចោលដំណើរទស្សនកិច្ច របស់ប្រជាជនទូទៅ ទៅកាន់ព្រះបរមរាជវាំង សម្រាប់ថ្ងៃកំណើត របស់ព្រះចៅអធិរាជ ។ ការបង្ហាញខ្លួន របស់ព្រះចៅអធិរាជ នៅពេលព្រឹកក៏ដូចជា ការចុះហត្ថលេខា ជាសាធារណៈ នៃសៀវភៅស្វាគមន៍ ក៏នឹងត្រូវលុបចោល ដូចគ្នាដែរ» ។

សូមជម្រាបថា អធិរាជ ណារុហ៊ីតូ បានឡើងសោយរាជ្យ កាលពីឆ្នាំមុន ដែលបានក្លាយជាព្រះរាជាទី ១២៦ របស់ជប៉ុនបន្ទាប់ពីការដាក់រាជ្យ របស់ព្រះបិតាព្រះអង្គ៕

ប្រែសម្រួលៈ ណៃ តុលា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×