ប៉េកាំង៖ ទីក្រុង វូហាន ដែលជាចំណុចកណ្តាលនៃការផ្ទុះវីរុសឆ្លងកូវីដ១៩ នៅខេត្តហ៊ូប៉ីភាគកណ្តាលនៃប្រទេសចិនបានបិទមន្ទីរពេទ្យ ជាបណ្តោះអាសន្នទាំង ១៦ កន្លែងរបស់ខ្លួន ដែលអគារទាំងនោះ បានប្រែក្លាយជាមន្ទីរពេទ្យបណ្តោះអាសន្ន ខណៈចំនួនអ្នកជំងឺកូវីដ១៩ បន្តធ្លាក់ចុះនៅក្នុងទីក្រុងនេះ។
យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា មន្ទីរពេទ្យទាំងនោះ គឺត្រូវបានផ្លាស់ប្តូរពីកន្លែងសាធារណៈដូចជាមជ្ឈមណ្ឌលតាំងពិព័រណ៍ និងកន្លែងហាត់ប្រាណ កាលពីដើមខែកុម្ភៈ ក្នុងគោលបំណងដើម្បីព្យាបាលអ្នកជំងឺដែលមានរោគសញ្ញាស្រាល និងសម្រាប់ដាក់ឱ្យនៅដាច់ពីប្រភពនៃការបង្ករោគ ។
យោងតាមអាជ្ញាធរមូលដ្ឋានបានឱ្យដឹងថា តាមរយៈការបិទមន្ទីរពេទ្យចំនួនពីរចុងក្រោយកាលពីថ្ងៃអង្គារ, មន្ទីរពេទ្យបណ្តោះអាសន្ននៅទីក្រុងវូហាន បានទទួលអ្នកជំងឺសរុបជាង ១២.០០០ នាក់៕ប្រែសម្រួលៈ ណៃ តុលា